ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Shanxi Institute ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មវិស្វកម្មថាមពលចិន (CEEC) បានឈ្នះការដេញថ្លៃលើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទំហំ២៥០មេហ្គាវ៉ាត់នៅកម្ពុជា ក្រោមទុនវិនិយោគចំនួន២៣៣,១លានដុល្លារអាមេរិក។
ការវិនិយោគនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០៤០។ គម្រោងនេះមានទីតាំងនៅក្នុងខេត្តព្រៃវែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល៩០គីឡូម៉ែត្រពីភាគខាងកើតនៃរាជធានីភ្នំពេញ។
គម្រោងតម្លៃ២៣៣,១លានដុល្លារអាមេរិកនេះមានសមត្ថភាពផលិតថាមពលអគ្គិសនីប្រហែល២៥០មេហ្គាវ៉ាត់ ដែលគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណ២៥៣ហិកតា។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយគេហទំព័រ PV Tech។
-->

គម្រោងខាងលើនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ២០២៥ និងគ្រោងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៦ខាងមុខ។
នៅពេលបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទំហំ២៥០មេហ្គាវ៉ាត់នេះនឹងជួយជំរុញសន្ទុះដល់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ២០២២ ប្រទេសកម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យចំនួន៤៣២មេហ្គាវ៉ាត់ ហើយនៅឆ្នាំ ២០៣០ សមត្ថភាពនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១.០០០មេហ្គាវ៉ាត់ និងបន្តកើនឡើងដល់៣.១៥៥មេហ្គាវ៉ាត់នៅឆ្នាំ២០៤០។
ជាមួយគ្នានេះ វិស័យឯកជនត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពថាមពលអគ្គិសនីនៅកម្ពុជា ដែលទាមទារឱ្យមានការបោះទុនវិនិយោគទ្រង់ទ្រាយធំ រួមជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍របស់កម្ពុជា៕ប្រភព: PV Tech៕
