ដោយ វល័ក្ខ
ភ្នំពេញ៖ មុនពេលក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ លោក Donald J.Trump មិនសូវមានគេស្គាល់និងចាប់អារម្មណ៍ណាស់ណាទេ ព្រោះលោកមានឋានៈត្រឹមតែជាអ្នកជំនួញ និងជាមហាសេដ្ឋីមួយរូប ដែលមានលុយខ្ទង់ពាន់លានដុល្លារអាមេរិក ប៉ុន្តែទ្រព្យសម្បត្តិដែលលោកមាន មិនត្រូវបានមហាជនទូទៅដឹងលម្អិតឡើយ ដោយមនុស្សភាគច្រើនដឹងត្រឹមតែថា លោកមានអចលទ្រព្យជាច្រើននៅក្នុងទីក្រុងញូវយ៉ក។
ខាងក្រោមនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច Propertyarea.asia បានលើកយកទ្រព្យសម្បត្តិរបស់លោក Donald Trump មួយៗមកលម្អិតជូនប្រិយមិត្តអ្នកអានបានសិក្សាស្វែងយល់។
-->
១) អចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ក
អចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ករបស់លោក Donald Trump តាមការបញ្ជាក់របស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា សរុបជាលុយមានចំនួន១.៤៧ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះគិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩។
អចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ករបស់លោក Donald Trump រួមមាន៖
១.១ អគារ 1290 Avenue of the Americas
ជាអគារពាណិជ្ជកម្មដ៏ខ្ពស់មួយនៅក្នុងទីក្រុងញូវយ៉ក ដោយមានភាគហ៊ុនរបស់លោកDonald Trump ចំនួន៣០% ដែលបច្ចុប្បន្នវាត្រូវបានគេដឹងថា មានតម្លៃ២.៤ពាន់លានដុល្លារអាមេរិក ដូច្នេះ Donald Trump មានចំណែក៤៤៦លានដុល្លារអាមេរិក។
១.២ អគារ 40 Wall Street (Trump Building)
ជាអគារមួយដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩២៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៣០ ជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន The Manhattan Company ប៉ុន្តែបច្ចុប្បន្នវាជាកម្មសិទ្ធិ១០០% របស់លោកDonald Trump ហើយវាក៏ត្រូវបានគេស្គាល់ថា ជាអគារ Trump Building ផងដែរចាប់តាំងពីចុងឆ្នាំ ១៩៩៥។ អគារនេះ បើតាមការវាយតម្លៃគឺគិតជាលុយស្មើនឹង៤៨៤លានដុល្លារអាមេរិក។
១.៣ អគារ Trump Tower
ជាអគារពាណិជ្ជកម្មមួយ ដែលភាគច្រើនត្រូវបានគេជួលសម្រាប់ បើកហាងលក់ទំនិញអនឡាញ និងក្រុមហ៊ុនអចលនទ្រព្យ។ អគារនេះមានតម្លៃ ៣១៨លានដុល្លារអាមេរិក ហើយវាគឺជាលោក Donald Trump តែម្នាក់គត់។
១.៤ អគារ 6 E. 57th Street (Nike Town)
ជាអគារលក់ផលិតផលនិងសម្ភារៈម៉ាក Nike ដ៏ធំនៅក្នុងទីក្រុងញូវយ៉ក ប៉ុន្តែប្រភភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្រុមហ៊ុនNike បានបោះបង់ចោលអគារនេះកាលពីឆ្នាំមុន ដោយឡែកលោកDonald Trum នៅតែជាបន្តជួលទៅឱ្យក្រុមហ៊ុនផ្សេង ដែលតាមកិច្ចព្រមព្រៀង គឺមានក្រុមហ៊ុនធំមួយបានបោះលុយយ៉ាងច្រើនសន្ធឹក សម្រាប់ជួលអគារនេះ។ បើតាមការឱ្យដឹង អគារនេះគិតជាទឹកប្រាក់ស្មើនឹង១៩១លានដុល្លារអាមេរិក និងជារបស់លោក Donald Trump តែម្នាក់គត់។
១.៥ អគារ Trump Park Avenue
ជាអតីតសណ្ឋគារកប់ពពក ប៉ុន្តែបច្ចុប្បន្នបានក្លាយជាលំនៅដ្ឋានខុនដូ និងជាកម្មសិទ្ធិផ្ដាច់មុខរបស់លោក Donald Trump បន្ទាប់ពីទិញក្នុងតម្លៃ១១៥លានដុល្លារអាមេរិក កាលពីឆ្នាំ២០០២។ ទីភ្នាក់ងារវាយតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងញូវយ៉ក បានឱ្យដឹងថា អគារនេះមានតម្លៃ១៧៥លានដុល្លារអាមេរិក។
១.៦ អគារ Trump Parc / Trump Parc East
ជាអគារលំនៅដ្ឋាន ដែលអមដោយអគារពីរបូកបញ្ចូលគ្នា ដោយមួយមានកម្ពស់ ៣៨ជាន់ ជាអគារខុនដូ និងមួយទៀតជាអគារផ្ទះល្វែង និងខុនដូកម្ពស់១៤ជាន់។ ដើមឡើយ អគារនេះសណ្ឋាគារ ដែលមានឈ្មោះថា Barbizon Plaza Hotel ប៉ុន្តែត្រូវបានលោក Donald Trump ទិញកាលពីឆ្នាំ១៩៨១ ដោយកាលនោះDonald Trump បានទិញទាំងផ្ទះ ដែលនៅជាប់សណ្ឋាគារនេះទៀតផង ដើម្បីជួសជុល និងរៀបចំជាខុនដូ ដែលមាន៣៤០យូនីត។ បច្ចុប្បន្ននេះ អគារ Trump Parc មានតម្លៃ៤៥លានដុល្លារអាមេរិក។
១.៧ អគារ Trump Plaza
ជាសណ្ឋាគារ និងកាស៊ីណូ ដែលចាប់ផ្ដើមដំណើរការនៅឆ្នាំ១៩៨៤ និងបានបិទវិញនៅឆ្នាំ ២០១៤។ អគារនេះ មានភាគហ៊ុនមួយចំណែកជារបស់ Donald Trump ប៉ុន្តែក្រោយពីបើកដំណើរការបានមួយរយៈ ប្រាក់ចំណូលដែលទទួលបានគឺតិចតូចបំផុត។ ចំណែកពន្ធវិញគឺច្រើន ដែលបង្ខំចិត្តឱ្យ Donald Trump ទិញភាគហ៊ុនផ្ដាច់ពីដៃគូសហការក្នុងតម្លៃ៧០លានដុល្លារអាមេរិក។ ក្រោយមកទៀត លោក Donald Trump បានទិញផ្ទះ និងអគារមួយចំនួនទៀត នៅក្បែរនោះ ដើមពង្រីកសណ្ឋាគារនិងកាស៊ីណូ ដោយចំណាយលុយច្រើនសន្ធឹក ប៉ុន្តែជំនួញមួយនេះ ហាក់មិនជោគជ័យទាល់តែសោះ។ រហូតដល់ឆ្នាំ ២០១៤ លោកDonald Trump បានសម្រេចចិត្តបិទអគារ Trump Plaza ជាផ្លូវការ ហើយវាក៏ជាកាស៊ីណូទី៤ ដែលបានបិទទ្វានៅក្នុងទីក្រុងអាត្លង់ទិច។
ងាកត្រឡប់មកវិញ តើអគារនេះបច្ចុប្បន្នមានតម្លៃប៉ុន្មានដែរ? តាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes គឺមានតម្លៃ៤០លានដុល្លារអាមេរិក។
១.៨ អគារ Trump World Tower
ជាអគារលំនៅដ្ឋានមួយ ដែលចាប់ផ្ដើមសាង់សង់នៅឆ្នាំ១៩៩៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០១ ដោយចំណាយថវិកា៣០០លានដុល្លារអាមេរិក មានកំពស់៧២ជាន់ និងមានផ្ទៃដី៨៩,៨០០ម៉ែត្រការ៉ែ ដោយក្នុងនោះលោក Donald Trump គឺជាម្ចាស់ ១០០%។ ត្បិតតែអគារនេះចំណាយលុយក្នុងការសាងសង់៣០០លានដុល្លារអាមេរិក ក្ដី ប៉ុន្តែគិតត្រឹមពេលនេះទស្សនាវដ្ដី Forbes បានចេញផ្សាយថា វាមានតម្លៃត្រឹមតែ២៦លានដុល្លារអាមេរិកប៉ុណ្ណោះ។
១.៩ អគារ Trump International Hotel &; Tower New York
អគារនេះចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ១៩៦៨ និងបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៧០ ជាសណ្ឋគារដ៏ទំនើបមួយ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៤ ដែលលោកDonald Trump បានចូលលូកដៃ និងជាម្ចាស់ភាគហ៊ុនមក លោកបានប្រែក្លាយសណ្ឋាគារនេះទៅជាលំ នៅដ្ឋានខុនដូ។ បច្ចុប្បន្ន Trump International Hotel &; Tower New York គឺជារបស់លោក Donald Trump តែម្នាក់គត់ ហើយអគារមួយនេះគិតជាលុយស្មើនឹង២០លានដុល្លារអាមេរិក។
២) អចលនទ្រព្យផ្សេងៗ ដែលស្ថិតនៅក្រៅពីទីក្រុងញូវយ៉ក
ពិតជាដូចអ្វីដែលគេបាននិយាយមែន លោក Donald Trump គឺជាមហាសេដ្ឋីអចលនទ្រព្យ និងជាបុគ្គលដែលជោគជ័យលើវិស័យនេះ។ ទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់លោក ដែលមាននៅតាមតំបន់ផ្សេងៗ ក្រៅពីទីក្រុងញូវយ៉ក គិតជាលុយមានរហូតដល់៦៣០លានដុល្លារអាមេរិក។
អចលនទ្រព្យក្រៅពីទីក្រុងញូវយ៉ករបស់លោក Donald Trump រួមមាន៖
២.១ អគារ 555 California Street
555 California Street ពីមុនជាអគាររបស់ធនាគារBank of America Center ដែលមាន៥២ជាន់ ស្ថិតនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយក៏ជាអគារខ្ពស់ជាងគេលំដាប់ទី៤នៅក្នុងទីក្រុងនេះផងដែរ។ នៅឆ្នាំ២០០៧ លោក Donald Trump បានទិញភាគហ៊ុនរបស់អគារនេះចំនួន៣០%។ តាមការវាយតម្លៃរបស់ Forbes បានបញ្ជាក់ថា អគារនេះមានតម្លៃ២.១ពាន់លានដុល្លារអាមេរិក ដូច្នេះលោកDonald Trump មានចំណែក៤៥២លានដុល្លារអាមេរិក។
២.២ អគារ Trump International Hotel Las Vegas
ជាសណ្ឋគារ និងខុនដូប្រណិត មានកម្ពស់៦៤ជាន់ ដែលត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០០៥ និងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ដំណើរការនៅឆ្នាំ ២០០៨ ដោយចំណាយលុយ៥០០លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់។ តាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ពីដំបូងលោក Donald Trump មានភាគហ៊ុនត្រឹមតែ៥០% ប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោកDonald Trump មានភាគហ៊ុន១០០% ហើយអគារនេះផងដែរ បើគិតជាលុយមានតម្លៃ ៦៨លានដុល្លារអាមេរិក។
២.៣ អគារ Trump International Hotel Washington
ជាសណ្ឋគារលំដាប់លេខ១ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនៅជិតសេតវិមានអាមេរិក។ ដំបូងឡើយអគារនេះ ជាការិយាល័យប្រៃសណីយ៍ ប៉ុន្តែនៅអំឡុងឆ្នាំ ២០១២-២០១៣ រដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានជ្រើសរើសយកក្រុមហ៊ុនរបស់លោក Donald Trump ក្នុងការជួសជុលនិងកែលម្អអគារនេះឡើងវិញ ដោយក្រុមហ៊ុនរបស់លោក Donald Trump បានដាក់ចេញថ្លៃ២០០លានដុល្លារអាមេរិក ដើម្បីបានយកមកជួសជុល។
អគារដ៏ចំណាស់នេះ បានប្រែក្លាយទៅជាសណ្ឋគារដ៏ប្រណិតមួយ ដោយមាន ២៥០បន្ទប់ មានកន្លែងប្រជុំ ស្បា ភោជ្ជនីដ្ឋាន និងសារមន្ទីរ។ ក្រោយពីជួសជុលរួម រដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានចុះកិច្ចព្រមព្រៀងជួលឱ្យ លោកDonald Trump ក្នុងតម្លៃ៣លានដុល្លារក្នុង១ឆ្នាំ។ អគារទាំងមូលនេះជារបស់រដ្ឋភិបាលអាមេរិក ដែលមានតម្លៃ២៣៨លានដុល្លារអាមេរិក។ ចំណែកសណ្ឋគារទាំងមូលនេះ មានភាគហ៊ុនរបស់លោ ក Donald Trump ចំនួន ៧៧.៥% ដូច្នេះ Donald Trump ទទួលបានត្រឹមតែ៥៣លានដុល្លារអាមេរិកប៉ុណ្ណោះ។
២.៤ វីឡា Trump Winery
ជាវីឡាដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត មានទឹក ភ្នំ ជាពិសេសវាគឺជាចម្ការទំពាំងបាយជូរធំជាងគេនៅក្នុងរដ្ឋVirginia។ កន្លែងមួយនេះ ត្រូវបានគេពេញនិយមសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជាអាពាហ៍ពិពាហ៍ ព្រឹត្តិការណ៍ភ្លក្សរសជាតិស្រាទំពាំងបាយជូរថ្មី ជាដើម។ លោក Donald Trump បានទិញកន្លែងមួយនេះ ក្នុងមានជាម្ចាស់ ១០០% នៅក្នុងខែមេសា ឆ្នាំ ២០១១ និងដាក់ឱ្យដំណើរការឡើងវិញនៅខែតុលា ឆ្នាំ២០១១ ហើយគិតត្រឹមពេលនេះវាមានតម្លៃ៣៤លានដុល្លារអាមេរិក។
២.៥ ដីមួយកន្លែងនៅក្នុងរដ្ឋកាលីហ្វញ៉ា
គេមិនដឹងថា លោក Donald Trump ចង់ធ្វើអ្វីនោះទេ សម្រាប់ដីវាលមួយកន្លែងនៅក្បែរទីលានវាយកូនគោលរបស់អាមេរិក ទោះបីជាយ៉ាងក៏ដោយ ដីនេះត្រូវបានគេវាយតម្លៃថា មានតម្លៃស្មើនឹង១៨លានដុល្លារអាមេរិក ហើយវាគឺជារបស់លោក Donald Trump តែម្នាក់ឯង។
២.៦ អគារ Trump International Hotel &; Tower Chicago
ជាសណ្ឋគារលំដាប់ល្អប្រណិតបំផុត និងជាអគារខ្ពស់កប់ពពកនៅក្នុងមួយនៅក្នុងទីក្រុងឈីកាហ្គោ។ កាលពីឆ្នាំ ២០០១ លោក Donald Trump ប្រកាសថា នឹងប្រែក្លាយអគារនេះ ឱ្យខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែក្រោយកើតមានហេតុការណ៍វាយប្រហារអគារភ្លោះ ឬអគារពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី១១ ខែកក្កដា គម្រោងមួយនេះត្រូវបានលុបចោល ប៉ុន្តែបច្ចុប្បន្នវាគឺជាអគារខ្ពស់ជាងគេ លំដាប់ទី៤នៅសហរដ្ឋអាមេរិក។ អគារនេះមានតម្លៃ ១០០លានដុល្លារអាមេរិក និងជារបស់លោកDonald Trump។
៣) ទីលាន និងក្លឹបវាយកូនគោលរបស់លោក Donald Trump
ពិតជាកំពូលមហាសេដ្ឋីដែលមានគំនិតវិនិយោគមែន ក្រៅពីរកស៊ីក្នុងវិស័យអចលនទ្រព្យហើយ លោក Donald Trumpនៅចាប់អារម្មណ៍ និងវិនិយោគក្នុងវីស័យកីឡាទៀត ដោយបច្ចុប្បន្នលោកមានទីលាន និងក្លឹបវាយកូនគោលចំនួន៤កន្លែង ដែលគិតជាទឹកលុយស្មើនឹង៥៥០លានដុល្លារអាមេរិក។
៤. ស្លាកសញ្ញាអាជីវកម្ម
ឈ្មោះរបស់លោក Donald Trump ត្រូវបានគេហ៊ានឱ្យតម្លៃរហូតដល់ទៅជាង ១៧០លានដុល្លារអាមេរិក ដែលក្នុងនោះមានដូចជាTrump Tower, Trump Hotel ជាដើម។
៥. សាច់ប្រាក់ និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន
មហាសេដ្ឋីរូបនេះ ត្រូវបានទស្សនាវដ្ដី Forbes ចេញផ្សាយថា មានសាច់ប្រាក់ និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជា៣១០លានដុល្លារអាមេរិក។
៥.១ សាច់ប្រាក់សុទ្ធ
របាយការណ៍ជាសាធារណៈមួយបានបង្ហាញថា លោកDonald Trump បានចំណាយលុយប្រមាណ៦៦លានដុល្លារអាមេរិក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបើតាមការឱ្យពីForbes គិតត្រឹមពេលនេះDonald Trump មានលុយជាសាច់ប្រាក់សុទ្ធ១៤០លានដុល្លារអាមេរិក។
៥.២ អគារ Trump Tower Penthouse
អគារមួយនេះអាចនិយាយបានថាជាផ្ទះ ជាកន្លែងស្នាក់នៅ និងជាការិយាល័យរបស់លោក Donald Trump។ បច្ចុប្បន្ន អគារនេះមានវាមានតម្លៃ៥៧លានដុល្លារអាមេរិក។
៥.៣ យន្តហោះធ្វើដំណើរផ្ទាល់ខ្លួន
Trump Force One ពីដំបូងគឺជាយន្តហោះផ្ទាល់ខ្លួនរបស់លោក Donald Trump ប៉ុន្តែត្រូវបានប្ដូរឈ្មោះ ក្រោយពេលលោកឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលវាគឺជាយន្តហោះ Boeing 757 និងមានតម្លៃ៣២លានដុល្លារអាមេរិក។
៥.៤ ផ្ទះវីឡា
ផ្ទះវីឡាចំនួន ៣ នៅតំបន់ Palm Beach ក្បែរក្លឹបវាយកូនគោលឯកជន Mar-a-Lago។ ផ្ទះវីឡាទាំង៣នេះ គិតជាទឹកប្រាក់មានចំនួន ៣៦លានដុល្លារអាមេរិក។
៥.៥ ផ្ទះឯកជន នៅឯជនបទ (Seven Springs)
ផ្ទះមួយនេះមានតម្លៃ៣០លានដុល្លារអាមេរិក ដែលត្រូវលោក Donald Trump រស់នៅក្រោយពេលលោករៀបការរួច ហើយក៏ជាកន្លែងកំណើតនៃកូនស្រីដំបូងរបស់លោកគឺ Ivanka។
៥.៦ ភូមិគ្រឹះនៅលើដីកោះ បែរមុខទៅសមុទ្រ
ជាភូមិគ្រឹះដ៏ស្រស់ស្អាត និងទាក់ទាញមួយ ត្រូវបានលោក Donald Trump ទិញពីអ្នកជំនួញឥណ្ឌា ដែលជាមិត្តភ័ក្តិរបស់លោក។ ចំពោះតម្លៃនៃការទិញនោះមិនត្រូវបានបង្ហាញឱ្យដឹងឡើយ ប៉ុន្តែកាលពីឆ្នាំ ២០១៧ ភូមិគ្រឹះនេះត្រូវបានគេវាយតម្លៃថា មានតម្លៃស្មើនឹង២៨លានដុល្លារអាមេរិក តែមកដល់ពេលនេះគឺវាមានតម្លៃត្រឹមតែ ១៥លានដុល្លារអាមេរិកប៉ុណ្ណោះ។
៥.៧ ផ្ទះនៅតំបន់ Beverly Hills
មិនត្រូវបានគេដឹងព័ត៌មានលម្អិត ទាក់ទងនឹងផ្ទះនេះឡើយ ប៉ុន្តែបើតាមការវាយតម្លៃរបស់ Forbes គឺវាមានតម្លៃ១៣លានដុល្លារអាមេរិក។
៥.៨ ផ្ទះវីឡាពីរជាប់គ្នា
ជាផ្ទះវីឡាដែលមានទីតាំងនៅតំបន់ Sterling ក្បែរក្លឹបវាយកូនគោលរបស់លោក Donald Trump។ វាមានតម្លៃ ១.៥លានដុល្លារអាមេរិក។
ទាំងនេះគឺជាព័ត៌មានលម្អិតទាក់ទង នឹងទ្រព្យសម្បត្តិរបស់លោក Donald Trump ដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្ដី Forbes ដោយក្នុងនោះបានបញ្ជាក់ថា លោកមានទ្រព្យសម្បត្តិ គិតជាទឹកប្រាក់មានចំនួន៣.១ពាន់លានដុល្លារអាមេរិក៕