ប្រទេសម៉ាឡេសុីគ្រោងធ្វើការអភិវឌ្ឍន៍អគារចាស់ៗនៅក្នុងទីក្រុងគូឡាឡាំពួរ និងទីក្រុងផ្សេងទៀតឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីកំពុងជំរុញផែនការប្រកបដោយមហិច្ឆិតាក្នុងការកែលម្អសោភភាពនៅក្នុងទីក្រុងនានា តាមរយៈសេចក្តីព្រាងច្បាប់មួយ ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អុីប្រាហុីម។

យោងតាមសេចក្តីព្រាងច្បាប់នោះបានឱ្យដឹងថា អគារដែលមានអាយុកាលលើសពី៣០ឆ្នាំ នឹងត្រូវបានជួសជុលកែលម្អឡើងវិញ ដោយទាមទារការយល់ព្រម ឬការឯកភាពពីអ្នករស់នៅក្នុងអគារនោះចំនួន៧៥ភាគរយនៃចំនួនអ្នករស់នៅសរុប។

ចំណែក អគារដែលមានអាយុកាលក្រោម៣០ឆ្នាំនឹងត្រូវបានជួសជុលកែលម្អឡើងវិញ ដោយទាមទារការយល់ព្រម ឬការឯកភាពពីអ្នករស់នៅក្នុងអគារនោះចំនួន៨០ភាគរយនៃចំនួនអ្នករស់នៅសរុប។ សេចក្តីព្រាងច្បាប់ខាងលើនឹងត្រូវបានដាក់ជូនសភាដើម្បីធ្វើការអនុម័តនៅក្នុងឆ្នាំ២០២៥នេះ។

លោក Nga Kor Ming រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានម៉ាឡេសុីបានថ្លែងប្រាប់កាសែតជប៉ុន Nikkei Asia ក្នុងបទសម្ភាសន៍មួយថា “ច្បាប់នេះមានសារៈសំខាន់ណាស់ក្នុងការធ្វើទំនើបកម្មទីក្រុងនានា ដូចជាទីក្រុងគូឡាឡាំពួរ និងទីក្រុង ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិដូចជាទីក្រុង Ipoh ជាដើម”។

លោក Nga បានបញ្ជាក់បន្ថែមថា “យើងមិនអាចអង្គុយរង់ចាំរហូតទាល់តែអគារទាំងនោះដួលរលំ ទើបចាត់វិធានការតាមក្រោយនោះទេ។ ការជួសជុលកែលម្អឡើងវិញនេះ ជាការធានាអំពីសុវត្ថិភាព ភាពដែលអាចរស់នៅបាន និងការស្ដារឡើងវិញនូវទំនុកចិត្តសាធារណៈ”។

យោងតាមកាសែត Nikkei Asia បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីរបស់ម៉ាឡេសុីមានលំនាំស្រដៀងគ្នានឹងច្បាប់របស់ប្រទេសសិង្ហបុរី និងច្បាប់នៅទីក្រុងហុងកុង ដែលទាមទារការឯកភាពយល់ព្រមចំនួន៨០ភាគរយពីអ្នករស់នៅក្នុងអគារចាស់ៗ ដើម្បីជំរុញការអភិវឌ្ឍន៍អគារទាំងនោះឡើងវិញ។

លោក Nga បានប៉ាន់ប្រមាណថា ច្បាប់នេះអាចជួយបង្កើតឱកាសការងារ និងបង្កើនសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់ទីក្រុង។

ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេសុីរំពឹងថា ច្បាប់នេះនឹងបង្កើតបានតម្លៃសេដ្ឋកិច្ច(Economic value) ក្នុងទំហំទឹកប្រាក់ចំនួន៣៥៥ពាន់លានរីងហ្គីត(ប្រហែល៨០,២ពាន់លានដុល្លារអាមេរិក)៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here