ដោយៈ និស្ស័យ
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុនទូរស័ព្ទនានារៀបចំផ្ញើរសារ ទាក់ទងនឹងវិស័យទេសចរណ៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចមហាបវរធិបតីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍កាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ។
-->
ក្នុងពិធីនោះ សម្តេចបានណែនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានា ក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេសចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តន៍ ពាក់ព័ន្ធបញ្ហាសុខាភិបាល គ្រឿងញៀន គ្រឿងស្រវឹង។ល។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ក្នុងការតំឡើងបង្គោលអង់តែន និងបំពាក់ប្រព័ន្ធសេវាទូរស័ព្ទ នៅតាមគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលប្រមាណ១០០គោលដៅ នៅទូទាំងប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុនកម្មករ-កម្មការនី និងបុគ្គលិកក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានឱកាស និងលទ្ធភាព ទៅលេងគោលដៅទេសចរណ៍នានា ដែលកិច្ចការនេះ រួមចំណែកខ្លាំងដល់ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសបំពេញបន្ថែមចរន្ត ភ្ញៀវក្នុងរដូវកាលបៃតង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ រួមជាមួយបុគ្គលិកក្រៅប្រព័ន្ធ ដែលមានការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង បុគ្គលិកក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់ចូលមកក្នុង ប្រព័ន្ធ ដើម្បីទទួលអត្ថប្រយោជន៍ដូចបុគ្គលិកក្នុងប្រព័ន្ធផ្សេងទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សា ផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផល ទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និងពន្យារការស្នាក់នៅរបស់ទេសចរកាន់តែយូរ៕
