ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់អ្នកវិនិយោគិនកម្ពុជា-ចិន ទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើអោយប្រទេសជាតិសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧% និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។
សម្តេចតេជោថ្លែងនៅក្នុងពិធីអញ្ជើញពិសារអាហារសាមគ្គីជាមួយបងប្អូនមកពីសមាគមសម្ព័ន្ធខ្មែរ-ចិនកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ល្ងាចមិញនេះថា ចិន និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍។
សម្តេចបន្តថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់។
សម្តេចតេជោ បានមានប្រសាសន៍អោយបងប្អូនចិនទាំងអស់ដឹងថា គោលនយោបាយការបរទេសរបស់កម្ពុជា គឺបានអនុវត្តជាមួយចិនតាំងពីជំនាន់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មកម្ល៉េះ រហូតដល់ ព្រះមហាក្សត្របច្ចុប្បន្ន និងក្នុងនាម សម្ដេចដែលជានាយករដ្ឋមន្រ្តី គឺគាំទ្រគោលនយោបាយចិនតែមួយជានិច្ច ដែលគោរពអធិបតេយ្យភាពរបស់ប្រទេសចិន។ ហើយពេលនេះទំនាក់ទំនង ចិន-កម្ពុជា បានក្លាយទៅជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាសស្ត្រគ្រប់ជ្រុងជ្រោយទៀតផង។
តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសង្ឃឹមថានឹងទទួលបានផ្លែផ្កានៃទំនាក់ទំនងជាបន្តបន្ទាប់ទៀត ជាពិសេសការទាក់ទាញវិនិយោគិនពីចិនកាន់តែច្រើនទៀត និងការទទបានភ្ញៀវទេសចរពីចិនមកលេងប្រទេសកម្ពុជាកាន់តែច្រើនឡើង នាពេលខាងមុខនេះផងដែរ៕






