ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ខេត្តកំពង់ស្ពឺបានអះអាងថា ក្រុមហ៊ុនធំៗរបស់ចិនចំនួន៨នឹងចូលមកវិនិយោគនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ ដោយទំហំវិនិយោគមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានអញ្ជើញទៅទស្សនកិច្ចនៅខេត្តក្វាងទុង ប្រទេសចិន រយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី៩ ដល់១០ មេសានេះបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១០ មេសានេះថា លើទំនុកចិត្តពីដៃគូពាណិជ្ជកម្មដ៏ធំនៃខេត្តក្វាងទុង ដែលកំពុងដំណើរការរកស៊ីក្នុងទឹកដី នៃខេត្តកំពង់ស្ពឺ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនវិនិយោគធំៗ បានមកបោះទុនវិនិយោគនៅប្រទេសកម្ពុជា។ ខេត្តកំពង់ស្ពឺ ក៏ជាខេត្តដែលមានរោងចក្រកាត់ដេរ និងរោងចក្រផលិតកាបូប ស្បែកជើងប្រមាណជា ១២១រោងចក្រ និងកំពុងពង្រីកសក្តានុពលរបស់ខ្លួន។
លោកបន្តថា មានក្រុមហ៊ុនធំៗចំនួន៨ បានសន្យាចូលមកវិនិយោគនៅលើទឹកដី ខេត្តកំពង់ស្ពឺ រួមមាន ទី១ រោងចក្រ Speedy Global ស្ថិតនៅសង្កាត់ឆាងអាន ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហើយនៅឆ្នាំ២០១៩ នេះ ក្រុមហ៊ុននេះ នឹងដំឡើងរោងចក្រមួយ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មសរុប៨០០០នាក់ ព្រមទាំងដាក់ស្លាក (Logo) លើអាវខាងមុខថា Cambodia ម្ខាង និងកំពង់ស្ពឺម្ខាង ហើយសម្លៀកបំពាក់នេះនឹងនាំទៅអ៉ឺរ៉ុប។ ទី២ មានក្រុមហ៊ុនដៃគូចំនួន ៣កន្លែងទៀតមានផលិតដំណាប់ផ្លែឈើ ស្លាកសញ្ញាសម្លៀកបំពាក់ និងអចលនទ្រព្យក្នុងមួយកន្លែង ដែលត្រូវការកម្លាំងពលកម្ម ៨០០០នាក់សរុប២៤,០០០នាក់។
-->
ទី៣ ក្រុមហ៊ុនទូរស័ព្ទចំនួន ២គឺ OPPO និង VIVO នឹងត្រូវសាងសង់អាគារកម្ពស់ ១០០ ទៅ២០០ម៉ែត្រ នៅខេត្តកំពង់ស្ពឺ ដើម្បីដំណើរការវិនិយោគរបស់ខ្លួន។ ទី៤ ការវិនិយោគរបស់ក្រុមហ៊ុនរោងចក្រថ្មីរបស់ចិន តាមរយៈក្រុមហ៊ុន ដែលទទួលបានការទាក់ទាញពីលោកអភិបាលខេត្ត មានទុនប្រមាណ ២០០០លានដុល្លារអាមេរិក។ ទី៥ ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេង ត្រូវការកម្លាំងពលកម្ម ៩០០០នាក់។ ទី៦ ក្រុមហ៊ុន ហ្វីចូវ នៅក្រុងហ្វីចូវ ផលិតអាវចាក់ ត្រូវការកម្មករសរុប ១៥០០០នាក់ ក្រុមហ៊ុននេះនឹងរើទៅរកស៉ីនៅខេត្តកំពង់ស្ពឺ នឹងយកម៉ាស៉ីនស្វ័យប្រវត្តិចំនួន ១០០០គ្រឿង ដែលមានតម្លៃប្រមាណ ៣៥០០លានដុល្លារអាមេរិក។

ទី៧ អគារពាណិជ្ជកម្មនៅក្រុងច្បារមន ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក។ និងទី៨ ក្រុមហ៊ុនហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែររួត បច្ចុប្បន្នកំពុងដំណើរការនៅប្រទេសកម្ពុជាហើយ ស្ថិតនៅក្នុងក្រុងច្បារមន ផលិតផលនេះនាំចេញទៅអឺរ៉ុប និងអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុននេះនឹងពង្រីកក្រុមមួយកន្លែងផ្សេងទៀតនៅក្នុងខេត្តកំពង់ស្ពឺ។
អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានសម្តែងការអបអរសាទរចំពោះដំណឹងដ៏រីករាយនេះ ដោយលោកបានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺជាខេត្តមួយមានភាពស្រដៀងគ្នានឹងខេត្តកណ្តាល ដោយសារទទួលឥទ្ឋិពលពីរាជធានីភ្នំពេញ ពិសេសខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ល្អប្រសើរ ជាមួយខេត្តព្រះសីហនុ ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុជាដើម។
លោកបន្តថា “ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យខេត្តកំពង់ស្ពឺ ក្លាយជាទីតាំងមួយដែលទាក់ទាញការវិនិយោគពីរោងចក្រ សហគ្រាសនានា ព្រោះខេត្តនេះងាយតភ្ជាប់ជាមួយរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់តំបន់ឆ្នេរដទៃទៀត”៕