សញ្ជាវិជ្ជមានៈ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន២នឹងបង្កើនជើងហោះហើរមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុ​នអាកាសចរណ៍អន្តរជាតិធំៗចំនួន២ គ្រោងបង្កើនជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀម​រាប និងអាកាសយានដ្ឋានភ្នំពេញ។

យោងតាមផេកផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​ បានរីកចម្រើនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជើងហោះហើរតួគីអ៊ែរឡាញ​ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហើរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។

ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេ​ខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖

១/​ ជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។

២/​ ជេីងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកា​សនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសបានសរុបចំនួន៦,២៤លាននាក់ កំណើនប្រមាណ២២% ទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កំណើន១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន៧៧,៨៥២តោន ដែលមានកំណើន៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀម រាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន៣៤ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។

ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើ រជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេរទិស (Flight Movements) មានការកើនឡើងប្រមាណ៦០ជើងក្នុងមួយសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here