ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែតហុងកុង South China Morning Post បានចុះផ្សាយថា រាជធានីភ្នំពេញនៅប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានគេមើលរំលងកាលពីអតីតកាល បានប្រែក្លាយជាទីតាំងទេសចរណ៍ដ៏ទាន់សម័យមួយនាពេលបច្ចុប្បន្ន។
កាសែតខាងលើសរសេរបន្តថា ប្រទេសកម្ពុជាបាននិងកំពុងបន្តខិតខំកសាងប្រទេសរបស់ខ្លួន ហើយអនាគតរបស់ប្រទេសនេះមានសភាពភ្លឺត្រចះត្រចង់។
ប្រជាពលរដ្ឋកម្ពុជាជំនាន់ Gen Z ដែលកើតចន្លោះពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០០០ គ្របដណ្តប់ចំនួនជាង៦៥ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបរបស់កម្ពុជា។ ពួកគេបានជួយប្រែក្លាយកម្ពុជាទៅជាតំបន់ទេសចរណ៍ទំនើបទាន់សម័យមួយ ដែលច្របាច់បញ្ចូលគ្នារវាងភាពបុរាណជាមួយនឹងសម័យទំនើប។
-->

ជាក់ស្តែង ប្រទេសកម្ពុជាមានគោលដៅទេសចរណ៍ជាច្រើន រាប់ចាប់ពីទីក្រុងឆ្នេរសមុទ្រស្អាតៗ រហូតដល់តំបន់អច្ឆរិយៈផ្នែកបុរាណវិទ្យា ដូចជាប្រាសាទអង្គរវត្តស្ថិតក្នុងខេត្តសៀមរាប។
ភ្ញៀវទេសចរណ៍ក៏គួរតែមកទស្សនារាជធានីភ្នំពេញ ព្រោះទីក្រុងមួយនេះសម្បូរទៅដោយសម្បត្តិវប្បធម៌ និងស្ថាបត្យកម្មដ៏ទាក់ទាញមួយចំនួន បូករួមទាំងការផ្តល់ជូនជម្រើសម្ហូបអាហារ និងការសម្តែងសិល្បៈដ៏សម្បូរបែប។
កាសែត South China Morning Post បានអះអាងថា ការធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់រាជធានីភ្នំពេញមានភាពងាយស្រួល ខណៈការធ្វើដំណើរតាមជើងហោះហើររវាងទីក្រុងទាំងពីរត្រូវចំណាយពេល២ម៉ោងកន្លះប៉ុណ្ណោះ។

ម៉្យាងវិញទៀត កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានបង្កើនចំនួនជើងហោះហើររបស់ខ្លួនមកកាន់រាជធានីភ្នំពេញពីចំនួន៥ដងក្នុងមួយសប្តាហ៍ទៅដល់៧ដងក្នុងមួយសប្តាហ៍។
កាសែតហុងកុង South China Morning Post បានឱ្យដឹងបន្តទៀតថា ការជិះរ៉ឺម៉កកង់បីជាមធ្យោបាយងាយស្រួលបំផុតមួយក្នុងការទស្សនាមហាវិថីនានា និងសំណង់ស្ថាបត្យកម្មដែលបន្សល់ទុកពីសម័យអាណានិគមបារាំង ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣៕ប្រភព: SCMP៕
