ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ)។
សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង លោកស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសWACC បានចុះពិនិត្យរួមគ្នា ដើម្បីជំរុញដោះស្រាយផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាបណ្តាញបង្គោលខ្សែអគ្គិសនី ប្រព័ន្ធទឹកស្អាត បណ្តាញខ្សែកាបអុបទិកជាដើម ដែលរងផលប៉ះពាល់ដោយសារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)។
-->

ការដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋស្ទើតែបញ្ចប់ទាំងស្រុង ដែលផ្តល់លទ្ធភាពឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធអាចដំណើរការរុះរើ កែសម្រួលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងរៀបចំឡើងវិញរួចរាល់មុនចូលឆ្នាំប្រពៃណីជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើការអនុវត្តគម្រោងទាំងមូលបានរលូន និងបញ្ចប់ទាន់ពេលវេលា។
បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹក ក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ទាំងផ្នែកខាងលិច និងខាងកើត ដើម្បីបំពាក់សម្ភារគ្រឿងចក្រ ខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងសរុប៣៧០០ម៉ែត្រ ក្នុងនោះ តួស្ពានប្រវែងសរុប១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ចំនួន៤៨ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)ជាផ្នែកមួយនៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៥នេះ សម្រេចបាន៧%ហើយ៕
