ដោយៈ គង់ សូរិយា
សៀមរាបៈ ព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះបរមនាថនរោត្តម សីហមុនី នឹងយាងចូលរួមមហាព្រឹត្តិការណ៍ធំមួយ នៅខេត្តសៀមរាប គឺព្រះរាជពិធីបួងសួងចម្រើន សេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត។
ព្រះរាជពិធីដ៏ធំ និងជាប្រវត្តិសាស្រ្តនេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
-->
លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអ្នកដឹកនាំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ព្រះរាជវត្តមានដ៏ថ្លៃថ្លា នៃអង្គព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ នៃបុព្វបុរសខ្មែរគឺបង្ហាញឱ្យឃើញនូវខឿនអារ្យធម៌ដ៏ខ្ពង់ខ្ពស់ និងចំណាស់នៃប្រជាជាតិកម្ពុជា ដែលរក្សាបានយ៉ាងជាប់លាប់រាប់សតវត្សរ៍កន្លងមកហើយ។

លោកបញ្ជាក់ថា “ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់បំផុតដោយបានដង្ហែរ ព្រះរាជដំណើរព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងស្តេចយាងបំពេញព្រះរាជកិច្ច តាមព្រះរាជបវេណីដ៏ប្រពៃថ្លៃថ្លារបស់ព្រះមហាក្សត្រ គ្រប់គ្រងផែនដីព្រះរាជាណាចក្រកម្ពុជា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៃទូលព្រះបង្គំយើងខ្ញុំដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើង បន្ទាប់ពីព្រះរាជពិធីនេះ ប្រៀបបីដូចការ ទទួលបានការប្រោសព្រះរាជទានពរជ័យ ពីអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង”។
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជានឹងផ្តល់នូវការប្រោះព្រំ សព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរ នៃការផ្លាស់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មីនាពេលខាងមុខ។
លោកហ៊ុន ម៉ានីបានបញ្ជាក់ទៀតថា ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណ យ៉ាងធំធេងក្រៃលែងថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជហឫទ័យទុកដាក់ ដែលទ្រង់សព្វព្រះរាជហឫទ័យ ដល់កូនចៅចៅទួតគ្រប់ៗគ្នា”៕
