ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន (CSCEC) ដែលជាអ្នកម៉ៅការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F បានក្លាយជាប្រភពនៃការផ្ទេរជំនាញផ្នែកវិស្វកម្មដល់ធនធានមនុស្សនៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា គម្រោងនេះជាប្រភពដ៏សំខាន់នៃការផ្ទេរជំនាញជាក់ស្តែងពីក្រុមវិស្វករ និងកម្មករជំនាញជនជាតិចិនមកកាន់ភាគីកម្ពុជា ហើយតាមរយៈព្រលានយន្តហោះថ្មីនេះ ចំណងមិត្តភាពរវាងកម្ពុជា និងចិននឹងកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានតុបតែងដោយរចនាបថស្ថាបត្យកម្មខ្មែរ នឹងអាចទទួលស្វាគមន៍ជើងហោះហើរត្រង់រយៈចម្ងាយឆ្ងាយពីបណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងទ្វីបផ្សេងទៀត នៅពេលបើកសម្ពោធដាក់ឱ្យដំណើរការ។
-->

ម៉្យាងវិញទៀត គម្រោងអាកាសយានដ្ឋានខ្នាតធំនេះបានជួយបង្កើតការងារជាច្រើនសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សានៅកម្ពុជា ដោយផ្តល់ឱកាសឱ្យពួកគេអាចធ្វើការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន។
ដោយមានការបោះទុនវិនិយោគពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១,៥ពាន់លានដុល្លារអាមេរិក កំពុងត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ២.៦០០ហិកតាស្ថិតនៅភាគខាងត្បូងនៃខេត្តកណ្តាល និងខេត្តតាកែវ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ការដ្ឋានសាងសង់បានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ២០២០ ខណៈគិតត្រឹមខែមីនា ឆ្នាំ២០២៥ ដំណាក់កាលទី១នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានសម្រេចវឌ្ឍនភាពនៃការសាងសង់ចំនួន៩៤,៣ភាគរយ។
ព្រលានយន្តហោះថ្មីនេះនឹងមានសមត្ថភាពផ្ទុកអ្នកដំណើរប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំនៅដំណាក់កាលដំបូង ដែលគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥នេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អនាគត និងលើកកំពស់វត្តមានរបស់កម្ពុជានៅលើឆាកពិភពលោក និងជំរុញគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ប្រភព: Xinhua៕
