ដោយ: គង់ លាងហួរ
ភ្នំពេញ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) អះអាងថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានជីវចម្រុះច្រើនបំផុតនៅតំបន់អាស៊ាន ដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ី និងប្រភេទសត្វកម្រជាច្រើន។
ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន AMRO បានបន្តថា ជីវចម្រុះអាចក្លាយជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជាពិសេសនៅក្នុងបណ្តាប្រទេសនានា ដូចជាកម្ពុជាជាដើម ដែលមានប្រព័ន្ធអេកូធម្មជាតិសម្បូរបែបសម្រាប់ទាក់ទាញលំហូរភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។
ជាមួយគ្នានេះ ការផ្តល់ការលើកទឹកចិត្តផ្នែកអេកូទេសចរណ៍ ការគាំទ្រផ្នែកច្បាប់ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនជាគន្លឹះដ៏សំខាន់ក្នុងការកៀរគរទុនវិនិយោគពីផ្នែកឯកជន ដើម្បីគាំទ្រគម្រោងអភិរក្ស និងលើកកំពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
-->

ម៉្យាងវិញទៀត ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានបញ្ជាក់ថា កម្ពុជាមានកាលានុវត្តភាពប្លែកខុសពីគេក្នុងការប្រែក្លាយប្រទេសរបស់ខ្លួនជាអ្នកនាំមុខគេក្នុងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយធានាបាននូវការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការទាក់ទាញលំហូរវិនិយោគថ្មីៗផងដែរ។
ស្ថាប័ន AMRO បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើការរចនា និងអនុវត្តន៍គំនិតផ្តួចផ្តើមទាំងនេះឱ្យស្របទៅតាមអាទិភាពជាតិ និងគោលដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមការសិក្សាបានបង្ហាញថា ការការពារ និងការស្ដារឡើងវិញនូវជីវចម្រុះនៅទូទាំងពិភពលោក ត្រូវការដើមទុនវិនិយោគចន្លោះពី៦៨០ពាន់លានដុល្លារអាមេរិកទៅ៩៥០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការណ៍នេះទាមទារឱ្យមានការចូលរួមចំណែកដ៏ធំពីផ្នែកឯកជន។

ក្នុងន័យនេះ ស្ថាប័ន AMRO បានជំរុញឱ្យកម្ពុជាងាកមកផ្តោតលើការបោះផ្សាយលក់មូលបត្របំណុលជីវចម្រុះ (Biodiversity-linked bond) ដើម្បីជំរុញគំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពរស់រវើក និងការទទួលខុសត្រូវផ្នែកបរិស្ថាន។
លើសពីនេះ ប្រទេសកម្ពុជាគួរប្រើប្រាស់មូលបត្របំណុលបៃតងសម្រាប់ការវិនិយោគដែលទាក់ទងនឹងអាកាសធាតុ និងប្រើប្រាស់មូលបត្របំណុលជីវចម្រុះដើម្បីផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិនានា៕ប្រភព: AMRO៕
