ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២ បានសម្រេចបោះទុន បោះទុនជាង ១០០ លានដុល្លារអាមេរិក វិនិយោគលើសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោចក្រកែឆ្នៃកសិកម្មនៅខេត្តត្បូងឃ្មុំ។
យោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអម័តគម្រោងសាងសាងស់តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន បានឲ្យដឹងនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩នេះ ថា ក្រុមហ៊ុន KIM PICH DEVELOPMENT CO., LTD.” បានបោះទុន ៩៨លានដុល្លារអាមេរិកក្នុងគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹមវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត និងគម្រោងផ្សេងៗទៀត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលអាចបង្កើតការងារបានចំនួន ១.១១៥កន្លែងជូនដល់ប្រជាពលរដ្ឋ។
CDC ក៏បានអនុម័ត ឲ្យក្រុមហ៊ុន “LBN AGRICULTURE CO., LTD.” ដែលមានទុនវិនិយោគប្រមាណ ១១,៩លានដុល្លារអាមេរិក ក្នុងគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle...) ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំដែលអាចបង្កើតការងារបានចំនួន ១៣៥កន្លែងជូនប្រជាពលរដ្ឋ។
-->
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ប្រជាពលរដ្ឋនឹងចូលទៅរស់នៅក្នុងទីរួមខេត្តត្បូងឃ្មុំរាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើន កំពុងចូលមកវិនិយោគក្នុងខេត្តមួយនេះ។
អភិបាលខេត្តត្បូងឃ្មុំរូបនេះបន្តថា បច្ចុប្បន្ននេះមានក្រុមនហ៊ុនចន្លោះពី៣០ទៅ៤០ កំពុងតែចូលមកវិនិយោគនៅក្នុងខេត្តថ្មីនេះ ដែលភាគច្រើនជាក្រុមហ៊ុនពុះដីឡូតិ៍លក់ និងមានការសាងសង់បុរីផងដែរ ដែលវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងទាក់ទាញប្រជាពលរដ្ឋ ឱ្យងាកមកចាប់អារម្មណ៍ចូលមករស់នៅកាន់តែច្រើន។
លោកបន្តថា អាជ្ញាធរខេត្តក៏បាន និងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាបណ្តាញផ្លូវថ្នល់ សួនច្បារ ទីសាធារណៈ នៅក្នុងខេត្តឱ្យកាន់តែស្រស់បំព្រង ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ទីក្រុង ក៏ដូចជាទីរួមខេត្តទាំងមូលឱ្យមានការទាក់ទាញ និងជាទីចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋមកកាន់ខេត្តមួយនេះ។
លោកបណ្ឌិតបេងហុង សុជាតិខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាអ្នករៀបចំប្លង់គោលទីក្រុងនេះបានធ្លាប់មានប្រសាសន៍ថា ទីរួមខេត្តនេះមានលក្ខណៈពិសេស ហើយនាពេលអនាគតទីក្រុងនេះ នឹងមានមនុស្សរស់នៅកាន់តែច្រើន ដោយសារទីក្រុងនេះនឹងពង្រីកការតភ្ជាប់ជាមួយក្រុងសួងនាពេលអនាគត ជាមួយទីរួមស្រុកពញ្ញាក្រែកដែលនៅក្បែរនោះ។លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុងនេះ ត្រូវបានរៀបចំមានលក្ខណៈពិសេស ដោយមានការបែងចែងរវាងទឹកកខ្វក់ និងទឹកភ្លៀងដាច់ពីគ្នា។
លោកបន្តថា “ខេត្តនេះ នឹងជាតំបន់សម្រាប់ស្តុកផលិតផលកសិឧស្សាហកម្ម ដោយសារខេត្តនៅជុំវិញនេះ ជាតំបន់មានសក្តានុពលលើដំណាំកសិឧស្សាហកម្ម ហេតុនេះខេត្តនេះនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់តំបន់ភូមិភាគឦសាន្ត”។
លោកបន្តថា “នាពេលអនាគត ខេត្តនេះនឹងមានខ្សែរថភ្លើងឆ្លងកាត់ពីប្រទេសចិន តាមរយៈគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវ១ផងដែរ”៕