ក្រុមហ៊ុនAir Asiaបង្ហាញឆន្ទៈពង្រីកជើងហោះហើរត្រង់មកកាន់ កម្ពុជា

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍Air Asiaបានបង្ហាញឆន្ទៈពង្រីកជើងហោះហើរត្រង់ និងពង្រីកទាំងតាំងហោះហើរតភ្ជាប់មកកាន់កម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា។

លោកបានបញ្ជាក់ថា “កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍”។​

លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរនិងភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

សម្ដេចបវរធិបតីហ៊ុន ម៉ាណែតបានអបអរសាទរ ចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនAirAsiaបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។

សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Air Asia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here