ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា។
ក្នុងជំនួបកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនមកពីឥណ្ឌា ចំនួន៣ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនពហុវិស័យចំនួន១២ក្រុមហ៊ុន រួមមានសភាពាណិជ្ជកម្មឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។
ប្រតិភូបានលើកឡើងពីចំណាប់អាម្មរណ៍ជារួម អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពដ៏ល្អដែលកម្ពុជាមាន ព្រមទាំងសក្តានុពលវិនិយោគ និងទេសចរណ៍ ជាកត្តាសំខាន់ដែលជំរុញឱ្យសមាជិកសមាជិកាប្រតិភូអញ្ជើញ មកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការបោះទុនវិនិយោគតាមវិស័យរបស់ខ្លួនម្នាក់ៗ។
លើសពីនេះទៀត ប្រតិភូក៏បានកោតសរសើរ អំពីសក្តានុពលដ៏សំបូរបែបនៃទេសចរណ៍កម្ពុជា ពិសេសគឺប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត នៅក្នុងខេត្តសៀមរាប ដោយបានបេ្តជ្ញាពាំនាំនូវភាពអច្ឆរិយៈ នៃបេតិកភណ្ឌទាំងអស់នេះដល់ក្រុមគ្រួសារ សហការី និងប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ឱ្យអញ្ជើញមកទស្សនាកម្ពុជាឱ្យបានមួយដងក្នុងមួយជីវិត៕