ដោយ រ៉ាណេត
កំពង់ស្ពឺ៖ យ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុនចិនធំៗចំនួនបីមកពីប្រទេសចិននឹងចូលមកបណ្តាក់ទុនវិនិយោគ ដោយបោះទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលកាន់តែជួយពង្រីកនូវសក្ដានុពលខេត្តមួយនេះកាន់តែខ្លាំង។ នេះបើតាមការឱ្យដឹងពីសំណាក់មន្ត្រីខេត្តជាន់ខ្ពស់បញ្ជាក់ប្រាប់។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមរយៈទូរស័ព្ទ បន្ទាប់ពីមកពីទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី១២ ខែមេសានេះថា យ៉ាងយូរបំផុតនៅដំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនធំរបស់ប្រទេសចិននឹងចូលមកកាន់កម្ពុជា ដោយដាក់ទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ទៀតថា ក្រុមចិនធំៗរបស់ប្រទេសចិន ដែលមានបំណងចូលមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ គឺមានរហូតដល់ចំនួន១៤ ក្រុមហ៊ុនមកបន្ថែមទៀត ដោយក្នុងនោះរួមមានវិស័យចម្រុះផ្សេងៗពីគ្នា ប៉ុន្តែនៅក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនដែលមកមុនគេមានចំនួន៣ ដែលរួមមានវិស័យកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុនស្បែកជើង រួមជាមួយនឹងក្រុមហ៊ុនស្បែក ហើយក្រុមហ៊ុនដែលនៅសល់ទាំងប៉ុន្មាន នឹងបន្តមកនៅឆ្នាំបន្ទាប់ទៀត។
លោកបន្តថា “វត្តមាននៃក្រុមហ៊ុនទាំង១៤ ដូចដែលបានបង្ហាញនៅក្នុងគម្រោងមកកាន់កម្ពុជាខាងលើនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងបង្កើននូវវិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយបង្កើននូវចំណេះ ផ្តល់ជំនាញដល់បណ្តាយុវជនជំនាន់ក្រោយ” ។ លោកបន្តថា “អ្វីដែលកាន់តែល្អប្រសើរនោះ គឺជួយពង្រីកនូវសក្ដានុពលរបស់ខេត្តកំពង់ស្ពឺតែម្ដង”។
លោកបានបញ្ជាក់ផងដែរថា ហេតុផលដែលជម្រុញឱ្យអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនធំរបស់ប្រទេសចិន ចូលមកចាប់ដៃជាមួយកម្ពុជា ក៏ព្រោះតែគេមានទំនុកចិត្តខ្ពស់ក្នុងកិច្ចសហការជាដៃគូក្នុងតំបន់ ប្រកបដោយសក្តានុពល និងអាចទទួលបានភាពវិជ្ជមានក្នុងនាមជាដៃគូយូរអង្វែងជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន៕







Good idea.
I think,it is a good idea,because it make all people that read known many news and can earn money also.