មន្រ្តីខ្ពស់កម្ពុជា និងADBពិភាក្សាលើការលើកកំពស់បរិយាកាសវិនយោគនិងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ពិភាក្សាជុំវិញកត្តាពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក  Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារADB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្ម ប្រកបដោយចីរភាពរបស់ADB ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ។ និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានា ឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែងនិងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុន ក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភADB ដែលមានវត្តមាន។ ទន្ទឹមនេះ លោកបានលើកឡើងអំពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលត្រូវបានទទួលស្គាល់ថា ជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់ សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជាក៏នៅតែមានតម្រូវការជាចាំបាច់ ក្នុងការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាព ដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ជាមួយគ្នានេះគណៈប្រតិភូ ADB លើកឡើងអំពី យន្តការប្រព័ន្ធតាមដាន(Traceability) ដែលមានសមត្ថភាពក្នុងការតាមដានផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និងផ្តល់នូវភាពច្បាស់លាស់ នៃការធ្វើដំណើររបស់ផលិតផល បង្កើនតម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានាបាននូវផលិតផល ដែលមានគុណភាព សមស្របតម្រូវការទីផ្សារនាំចេញ។

តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាន់ព័ន្ធ នឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានា ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here