ក្រុមហ៊ុនអន្តរជាតិចំនួនបីចុះMOU ដើម្បីទាក់ទាញទេសចរណ៍នៅកម្ពុជាជាមួយអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ គណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតី ក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូរវាងក្រុមហ៊ុនទាំងបីកាលពីថ្ងៃទី២៥ មិនាថា នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកបញ្ជាក់ថា “ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់​តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះបានផ្តល់ការងារ ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុនទាំង៣ សហការគ្នាល្អទទួលបានជោគជ័យ និងដំណើរការដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីគ្រប់មជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ”។

ជាមួយគ្នានេះ លោក Eddie Chua នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay បានមានប្រសាសន៍ថា ក្រុមហ៊ុន Peninsula Bay បានចាប់ដៃគូរជាមួយក្រុមហ៊ុនសណ្ឋាគារ IHG និងក្រុមហ៊ុន Luxury Business (LBG) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ក្រុមហ៊ុនបានសហការគ្នាបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជា ការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដែលជាសញ្ញាណបង្ហាញពីការងើបឡើងវិញ នៃវិស័យទេសចរណ៍ កម្រិតជីវភាពក្នុងតំបន់ និងជាកិត្យានុភាពរបស់ខេត្តព្រះសីហនុ។

លោកបញ្ជាក់ថា “ភាពជាដៃគូជាមួយក្រុមហ៊ុន IHG និងក្រុមហ៊ុន LBG បានផ្តល់ឱ្យយើងទទួលបាននូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងផ្នែកបដិសណ្ឋារកិច្ច និងការលក់រាយ”។លោកបន្តថា “ការវិវឌ្ឍនេះ គឺជាសក្ខីភាពបង្ហាញ ពីចក្ខុវិស័យរបស់យើងក្នុងការច្របាច់បញ្ចូលគ្នានូវភាពប្រណីត នវានុវត្តិន៍ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ជាគោលដៅថ្មីមិនធ្លាប់មានក្នុងប្រទេសដ៏ទៃ”។

លោកបន្តថា ចក្ខុវិស័យសម្រាប់ការអភិវឌ្ឍ នាពេលអនាគត Peninsula Bay គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យសណ្ឋាគារ ការលក់រាយ និងការកម្សាន្ត។ ការអភិវឌ្ឍន៍នឹងមានមុខងារជាច្រើនដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមកម្រិតតម្រូវការ។

មជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែលនាំមកជូនដោយក្រុមហ៊ុន LBG។ សួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើងក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ។ អាងចិញ្ចឹមត្រីសមុទ្រដែលជាគោលដៅប្រជែងកំណត់ត្រាពិភពលោក នឹងមានបង្ហាញអំពីភាពអស្ចារ្យ នៃជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here