ឆ្នេរកោះរ៉ុងរបស់កម្ពុជាជាប់ឈ្មោះក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង៧របស់តំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មានដ៏ល្បីល្បាញរបស់ឥណ្ឌា NDTV បានវាយតម្លៃខ្ពស់ចំពោះឆ្នេរ​សមុទ្រចំនួន៧ ក្នុងតំបន់អាស៊ាន ​ដែល​ភ្ញៀវទេសចរណ៍អន្តរជាតិគួរទៅ​ទស្សនា​ និងសក្ដិសម​ក្នុងការដាក់បញ្ចូលទៅក្នុងបញ្ជីឬផែនការដំណើរកំសាន្ត។

ក្នុងចំណោមឆ្នេរសមុទ្រទាំង៧នោះ សារព័ត៌មានឥណ្ឌា NDTV ក៏បានដាក់បញ្ចូលឆ្នេរកោះរ៉ុង របស់ប្រទេសកម្ពុជាផងដែរ។

សារព័ត៌មាន NDTV បានសរសេរថា ឆ្នេរកោះរ៉ុងជាឆ្នេរសមុទ្រដ៏ស្អាតបំផុតមួយនៅតំបន់អាស៊ាន។ ឆ្នេរខ្សាច់កោះរ៉ុងមានពណ៌សក្បុស ទឹកថ្លាឆ្វង់ ហើយនៅពេលយប់ បាតុភូតរស្មីសុខុមប្រាណបានធ្វើឱ្យឆ្នេរសមុទ្រមានសភាពភ្លឺស្រស់ស្អាតដូចឈុតឆាកក្នុងភាពយន្តបែបវិទ្យាសាស្ត្រ។

សារព័ត៌មាន NDTV បានបន្ថែមថា “មិន​ថា​ លោកអ្នក​មានបំណងមកកំសាន្ត​លើឆ្នេរ​ខ្សាច់​ក្នុងបរិយាកាសស្ងប់ស្ងាត់ ឬ​រៀបចំពិធីជប់លៀង​ក្រោម​ពន្លឺផ្កាយ​នោះទេ កោះរ៉ុង​មាន​អ្វី​ៗពិសេសជាច្រើនសម្រាប់​អ្នក​រាល់​គ្នា ដូចជា ឆ្នេរខ្សាច់ ព្រមទាំងតុល្យភាពរវាងភាពស្ងប់ស្ងាត់ និងទិដ្ឋភាពពេលរាត្រី។

ចំណែក ឆ្នេរ Railay នៅកោះKrabi របស់ប្រទេសថៃ ត្រូវបានសារព័ត៌មានខាងលើចាត់ទុកថា ជាគោលដៅសម្រាប់ដំណើរកំសាន្តបែបផ្សងព្រេង ព្រោះភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរតាមមធ្យោបាយផ្សេងបាន ក្រៅពីទូកនោះទេ។

ជាមួយគ្នានេះ ឆ្នេរ Long Beach នៅកោះ Phu Quoc ក្នុងប្រទសវៀតណាម
លាតសន្ធឹងជាង២០គីឡូម៉ែត្រ ដែលគ្របដណ្តប់ដោយខ្សាច់ពណ៌មាស បរិយាកាសស្ងប់ស្ងាត់ និងមានទឹកថ្លាឆ្វង់។ ឆ្នេរមួយនេះមានដើមដូងដុះតម្រង់ជួរនៅតាមមាត់ច្រាំង និងមានកន្លែងសម្រាប់សម្រាកលំហែកាយ។

ឆ្នេរសមុទ្រចំនួន៤ ផ្សេងទៀតដែលជាប់ឈ្មោះក្នុងបញ្ជីរបស់សារព័ត៌មាន NDTV រួមមាន ឆ្នេរ White Beach និងឆ្នេរ Nacpan Beach ក្នុងប្រទេសហ្វីលីពីន ឆ្នេរ Pink Beach ក្នុងប្រទេសឥណ្ឌូនេសុី និងឆ្នេរ Ngapali Beach ក្នុងប្រទេសមីយ៉ាន់ម៉ា៕ប្រភព: NDTV៕

LEAVE A REPLY

Please enter your comment!
Please enter your name here