រដ្ឋាភិបាល​គ្រោង​អភិវឌ្ឍន៍​តំបន់​តេ​ទឹក​ពុះ​ និង​ខ្នង​ផ្សារ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ កំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់ “ទេទឹកពុះ” និងតំបន់ខ្នងផ្សារ ជារមណីយដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

កាលពីថ្ងៃទី២៩ មិនាកន្លងមក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ និងក្រុមការងារឯកជនផ្នែកទេសចរណ៍បានចុះពិនិត្យ និងសិក្សាពីរមណីយដ្ឋាននេះ។

ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ។

រមណីយដ្ឋានធម្មជាតិ “ទេ ទឹកពុះ” ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ។

ជាមួយគ្នានេះ លោកហួត ហាក់បានលើកឡើង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍​សាត់ ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។

រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេស​ភាពដ៏ស្រស់ស្អាតទាំងនេះ ភ្ញៀវទេសចរគយគន់ មិនចេះជិនណាយនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here