ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ចិន គឺកាន់តែស្អិតរមួតការវិនិយោគរបស់អ្នកវិនិយោគពីខេត្តស៊ីឈួន មកវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់ជាង ២០០០លានដុល្លារអាមេរិក។
ក្នុងជំនួបជាមួយលោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាជាតិកាលពីថ្ងៃទី១៨ មេសាកន្លងមកនេះ លោក ជុង មាន អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា គោលបំណងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តស៊ីឈួន មកព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ពីកិច្ច សហប្រតិបត្តិការ ទាក់ទងការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ និងវិស័យផ្សេងៗទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជនចិន និងសភាកម្ពុជា។
លោកបន្តថា “ជាមួយនឹងគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវមួយរបស់ចិន កិច្ចសហប្រតិបត្តិការរវាងខេត្តស៊ីឈួន ក៏ដូចជាប្រទេសចិនជាមួយកម្ពុជា មានភាពរីកចម្រើនយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ”។
លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងល្អប្រសើរ រឹងមាំ និងស្អិតរមួតជាយូរលង់ណាស់មកហើយ។ នៅក្នុងពេលនេះ ក្រោមកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានតំឡើងទៅជា “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ” ហើយកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ។
ជាមួយគ្នានេះ លោក ងួន ញ៉ិល បានស្នើរដល់គណៈប្រតិភូ និងសហការី សូមជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍កំសាន្តនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះថាបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស៕






