ដោយ គង់ សូរិយា
មណ្ឌលគិរី៖ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំប្លង់មេដើម្បីដាំបន្លែ និងផ្កា ពិសេសរៀបចំសាងសង់ព្រលានយន្តហោះ នៅខេត្តមណ្ឌលគិរីដើម្បីលើកកំពស់វិស័យទេសចរណ៍ និងការដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ មេសានេះថា កាលពីថ្ងៃម្សិលម៉ិញ លោកបានដឹកនាំមន្រ្តីក្រសួងជួបប្រជុំជាមួយ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សានិងរៀបចំផែនការមេអភិវឌ្ឍន៍នៅខេត្តមណ្ឌលគិរី និងបណ្តាខេត្តមួយចំនួនទៀត ពិសេសខេត្តមណ្ឌលគិរីជាខេត្តមានលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ ដែលអាចដាំបន្លែ និងផ្កាសំរាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះបច្ចុប្បន្នយើងបាននាំចូលបន្លែ និងផ្កាជាច្រើនពីប្រទេសជិតខាង។
លោកបន្តថា “នៅក្នុងផែនការនេះ គឺរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅទស្សនានៅខេត្តនេះ និងសំរាប់ដឹកជញ្ជូនទំនិញ បន្លែ ផ្កាសំរាប់ផ្គត់ផ្គង់ទីផ្សារទេសចរណ៍ដទៃទៀត”។លោកបន្តថា “ការសំរេចផែនការនេះ នឹងធ្វើឲ្យកម្ពុជាចំណេញច្រើន ដោយកាត់បន្ថយការធ្លុះធ្លាយលើវិស័យទេសចរណ៍បានច្រើន”។