ដោយ: គង់ លាងហួរ
ភ្នំពេញ: តំបន់អាស៊ានជាតំបន់ដ៏ល្បីល្បាញមួយ ដែលសម្បូរដោយវប្បធម៌ចម្រុះ ទេសភាព និងថ្លៃចំណាយលើការរស់នៅមានកម្រិតសមរម្យ។ទីក្រុងជាច្រើននៅតំបន់អាស៊ានអាចផ្តល់នូវតុល្យភាពរវាងផាសុខភាព ការផ្សងព្រេង គុណភាពជីវិត និងការចំណាយសមរម្យ។
សារព័ត៌មានអន្តរជាតិ DM News បានបង្ហាញទីក្រុងចំនួន៥ ក្នុងតំបន់អាស៊ាន ដែលជនបរទេសអាចរស់នៅប្រកបដោយភាពប្រណីត ដោយចំណាយប្រាក់តិចជាង២ពាន់ដុល្លារក្នុងមួយខែ។
នៅក្នុងចំណោមបណ្តាទីក្រុងទាំង៥នោះ ក៏រួមមានទីក្រុងសៀមរាបរបស់កម្ពុជាផងដែរ។ខេត្តសៀមរាប ដែលគេស្គាល់ថា ជាច្រកចូលទៅកាន់ប្រាសាទអង្គរវត្តមានភាពទាក់ទាញលើសពីប្រវត្តិសាស្ត្រ។
-->
ជាមួយនឹងភាពស្ងប់ស្ងាត់ ការចំណាយសមរម្យលើការរស់នៅ និងការរីកចម្រើននៃសហគមន៍ជនបរទេសនៅទីក្រុងសៀមរាប បានធ្វើឱ្យទីក្រុងមួយនេះមានរបៀបរស់នៅល្អឥតខ្ចោះ។

ការជួលអាផាតមុិននៅទីក្រុងសៀមរាបមានបន្ទប់គេងទោលមានតម្លៃចាប់ពី២០០ដុល្លារទៅ៤០០ដុល្លារក្នុងមួយខែ។ រីឯ ម្ហូបអាហារវិញមានតម្លៃចន្លោះពី២ដុល្លារទៅ៥ដុល្លារប៉ុណ្ណោះ។
ចំណែក ការជិះរ៉ឺម៉កកង់បីមានតម្លៃចន្លោះពី១ដុល្លារទៅ៣ដុល្លារ ខណៈការប្រើប្រាស់ផ្សេងៗទៀត ដូចជាអគ្គិសនី ហ្គាស និងទឹក មានតម្លៃចន្លោះពី៥០ដុល្លារទៅ១០០ដុល្លារក្នុងមួយខែ។ សរុបមក ជនបរទេសអាចរស់នៅទីក្រុងសៀមរាបប្រកបដោយភាពប្រណីត ដោយគ្រាន់តែចំណាយប្រាក់ចន្លោះពី៧០០ដុល្លារទៅ១.០០០ដុល្លារក្នុងមួយខែ។
ទីក្រុងសៀមរាបជាទីក្រុងដ៏តូចមួយ ដែលមានផ្សារ ហាងកាហ្វេ និងវិចិត្រសាល។ រមណីយដ្ឋានបុរាណអង្គរជាសម្បត្តិវប្បធម៌របស់កម្ពុជា។
ក្រៅពីប្រាសាទអង្គរវត្ត ជនបរទេសក៏អាចទស្សនាទេសភាពភូមិបណ្តែតទឹកលើបឹងទន្លេសាប ឬសកម្មភាពកំសាន្តនាពេលយប់ដ៏រស់រវើកក្នុងតំបន់ Pub Street របស់ទីក្រុងសៀមរាប។
ចំណែក ទីក្រុងអាស៊ានចំនួន៤ ផ្សេងទៀត ដែលជនបរទេសអាចរស់នៅប្រកបដោយភាពប្រណីតដោយចំណាយប្រាក់តិចជាង២ពាន់ដុល្លារក្នុងមួយខែ រួមមាន ទីក្រុងឈៀងម៉ៃរបស់ថៃ រដ្ឋធានីហាណូយរបស់វៀតណាម ទីក្រុង Cebu របស់ហ្វីលីពីន និងទីក្រុង Penang របស់ម៉ាឡេសុី៕ប្រភព: DM News៕
