ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលចាប់ផ្តើមរៀបគោលនយោបាយ អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាជន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឪ្យកាន់តែរឹងមុំា និងនិរន្តភាព និងដោយផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសបែបវប្បធម៌ និងធម្មជាតិ ដែលជាផលិតផលឈានមុខគេរបស់កម្ពុជា។
-->
ក្រសួងទេសចរណ៍បានរៀបចំវិធានការ ក្នុងការលើកស្ទួលវិស័យទេសចរណ៍កម្ពុជាតាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ការលើកកម្ពស់សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism)ជាដើម។
សេចក្តីប្រកាសព៌តមានដដែលបន្តថា លើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទដ្ឋាន នៃសេវាទេសចរណ៍ឲ្យស្របទៅតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិតគូថ្មីសំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុ ស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូបអាហារជាដើម។ វិធានការខាងលើត្រូវគាំទ្រដោយអភិក្រម៤ ដែលជាគោលការណ៍គ្រឹះ នៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រួមមាន ការពង្រឹងយន្តការស្ថាប័ន ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូញទេសចរណ៍។

រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៩ម្សិលមិញនេះ បានបើកកិច្ចប្រជុំស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោមអធិបតីភាពលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន បានគាំទ្រចំពោះវិធានការដែលបានដាក់ចេញដោយក្រសួងទេសចរណ៍កម្ពុជា៕

