ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទាប់ពីតុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចដកលោក Yoon Suk Yeol ចេញពីតំណែងប្រធានាធិបតី អនាគតនៃគម្រោងសាងសង់ការិយាល័យប្រធានាធិបតីនៅសង្កាត់ Yongsan នៃរដ្ឋធានីសេអ៊ូលបានស្ថិតក្នុងភាពមិនច្បាស់លាស់។
លោក Yoon បានចាប់ផ្តើមចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២ ដោយបានផ្លាស់ប្តូរការិយាល័យប្រធានាធិបតីចេញពីអគារវិមាន Cheong Wa Dae ទៅកាន់ទីស្នាក់ការក្រសួងការពារជាតិក្នុងសង្កាត់ Yongsan ។
គណបក្សប្រឆាំងធ្លាប់បានរិះគន់ថា ការផ្លាស់ប្តូរការិយាល័យប្រធានាធិបតីរបស់លោក Yoon បានខ្ជះខ្ជាយប្រាក់ចំណូលដែលទទួលបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង។ ក្រុមមន្ត្រីក្រសួងការពារជាតិត្រូវបានបង្ខំឱ្យចាកចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួនជាបន្តបន្ទាប់ ដោយផ្លាស់ទៅកាន់អគារអគ្គសេនាធិការចម្រុះ (JCS) ដែលស្ថិតនៅជិតក្រសួង។
-->
ប៉ុន្តែ ក្រោយពីលោក Yoon Suk Yeol បានធ្លាក់ចេញពីតំណែង នោះវានឹងអាស្រ័យទៅលើប្រធានាធិបតីថ្មីក្នុងការសម្រេចចិត្ត ថា តើការិយាល័យប្រធានាធិបតីត្រូវបន្តស្ថិតនៅសង្កាត់ Yongsan ដដែល ឬក៏ត្រូវផ្លាស់ទៅកាន់ទីតាំងផ្សេងទៀត។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរខែខាងមុខ។ ជាមួយគ្នានោះ បេក្ខជនប្រធានាធិបតីជាប់ឆ្នោតត្រូវតែធ្វើការសម្រេចចិត្តឱ្យបានភ្លាមៗលើការជ្រើសរើសទីតាំងការិយាល័យប្រធានាធិបតី។
ប្រសិនបើគណបក្សប្រជាធិបតេយ្យសេរីកូរ៉េ (DPK) ឡើងកាន់អំណាច នោះប្រធានាធិបតីថ្មីនឹងប្រហែលជាមិនបន្តប្រើប្រាស់ការិយាល័យក្នុងសង្កាត់ Yongsan នោះទេ ព្រោះការិយាល័យនេះត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃតំណែងជាប្រធានាធិបតីរបស់លោក Yoon ។
គណបក្សប្រជាធិបតេយ្យសេរីកូរ៉េ (DPK) បានបង្ហាញគំនិតចង់ផ្លាស់ប្តូរការិយាល័យប្រធានាធិបតីទៅកាន់ទីក្រុង Sejong ស្ថិតនៅភាគកណ្តាលនៃប្រទេសកូរ៉េខាងត្បូង ដែលមានអគាររដ្ឋបាលសំខាន់ៗមួយចំនួនរួចជាស្រេច៕ប្រភព: Korea Times៕
