ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលថៃបានផ្តល់ និងប្រគល់ទូរថភ្លើងចំនួន៤គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា នៅស្ថានីយ៍រថភ្លើងនាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនពេលប្រមុខរដ្ឋាភិបាលទាំងពីរ នឹងអញ្ជើញជិះរថភ្លើងរួមគ្នានៅថ្ងៃទី២២ មេសាខាងមុខនេះ។

រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត ។
-->
រថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអជ្ញាធរពាក់ព័ន្ធ។

នៅថ្ងៃច័ន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាគ្រោងនឹងរៀបចំកម្មវិធី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម ដូចជា ទី១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ទី ២- ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ទី ៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងទី៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត៕