ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ កំពុងចាប់ផ្តើមសិក្សាផែនការមេដើម្បីរៀបចំទីក្រុងថ្មីមួយនៅក្នុងខេត្តសៀមរាប និងរៀបចំតំបន់ទេសចរណ៍ពិសិដ្ឋដើម្បីផ្តល់ជាលំនៅដ្ឋានទី២ សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ។

-->
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៩ មេសាកន្លងមកថា ក្នុងផែនការធ្វើពិពិធកម្មវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ រដ្ឋាភិបាលបាននិងកំពុងសិក្សាផែនការមេ ដែលចំណាយរយៈពេល៦ខែ ដើម្បីរៀបចំទីក្រុងថ្មីមួយនៅក្នុងខេត្តសៀមរាប និងតំបន់ទេសចរណ៍បែបជាផ្ទះទី២សំរាប់ភ្ញៀវទេសចរណ៍ចូលនិវត្តន៍។ លោកបន្តថា គំរោង Second Home ឬផ្ទះទី២សំរាប់ភ្ញៀវទេសចរណ៍នេះ អាចរៀបចំបាននៅទូទាំងប្រទេស សំរាប់ទីតាំងដែលមានភាពសមស្រប ដែលអាចទទួលនិងផ្តល់សេវាសន្តិសុខ និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរណ៍បានល្អ។
លោកបន្តថា “វិស័យឯកជនដែលមានដីចាប់ពី ១០០ហិកតាឡើង អាចរៀបចំផ្ទះទី២សំរាប់ភ្ញៀវទេសចរណ៍ ហើយពួកគេអាចលើកពីគំរោងអភិវឌ្ឍន៍របស់ពួកគេ ដាក់ជូនរ ដ្ឋាភិបាលសម្រេច”។ លោកបន្តថា “រដ្ឋាភិបាលនឹងជួយវិស័យឯកជនតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានាដូចជាទឹក ភ្លើង ផ្លូវ ហើយវិស័យឯកជនជាអ្នកបោះទុនលើការវិនិយោគផ្ទាល់”។
ទាក់ទងនឹងផែនការរៀបចំទីក្រុងថ្មី នៅខេត្តសៀមរាប លោករដ្ឋមន្រ្តីមិនទាន់បញ្ជាក់ឲ្យដឹងពីទីតាំង ទំហំទុនវិនិយោគ និងពេលវេលាដែលត្រូវធ្វើនៅឡើយទេ ដោយលោកបានមានប្រសាសន៍ថា ក្រោយការសិក្សាចប់រយៈពេល ៦ខែ ទើបយើងអាចដឹងពីផែនការលំអិត។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់បានមានប្រសាសន៍ថា កម្ពុជាមិនទាន់ទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលនិវត្តន៍ មកកាន់កម្ពុជាបានច្រើននៅឡើយទេ ព្រោះហេដ្ឋារចនាសម្ព័ន្ឋ និងការរៀបចំមិនទាន់បានល្អប្រសើរ ប៉ុន្តែបើសិនជាយើងរៀបចំបានល្អប្រសើរ ទាំងសេវាកម្មបដិសណ្ឋារកិច្ច ទាំងសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយ កម្ពុជាពិតជាមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ប្រភេទនេះបានច្រើន។
លោកបន្តថា “នៅប្រទេសជិតខាងកម្ពុជា ពិសេសប្រទេសថៃបានទាក់ទាញភ្ញៀវទេសចរណ៍ចូលនិវត្តន៍បានច្រើន ដោយសារពួកគេរៀបចំបានល្អ លើសេវាកម្មពាក់ព័ន្ឋនឹងវិស័យនេះ”៕