ដោយ ៖ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឱ្យអង្គការយូណេស្កូជួយពន្លឿនដំណើរការនៃការចុះបញ្ជីទីក្រុង៣ របស់កម្ពុជា រួមមានទីក្រុងបាត់ដំបង ទីក្រុងក្រចេះ និងទីក្រុងកំពត ឱ្យក្លាយជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងគោលដៅទេសចរណ៍បន្ទាប់បន្សំ (secondary tourist destinations) ខណៈកម្ពុជាមិនទាន់មានទីក្រុងណាមួយចុះបញ្ជីនៅឡើយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបពិភាក្សាជាមួយលោក សាដាអ៊ូម៉ា អាឡាម នាយកអង្គការយូណេស្កូថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ម្សិលមិញបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញជាប់ជាប្រចាំ និងដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា អង្គការទេសចរណ៍ពិភពលោក UNWTO អង្គការយូណេស្កូ UNESCO មានកិច្ចសហការគ្នាយ៉ាងល្អ ជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ វប្បធម៌ នៅកម្ពុជាដោយជោគជ័យ។
លោក សាដាអ៊ូម៉ា អាឡាម នាយកអង្គការយូណេស្កូថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការរីករាយហើយសន្យានឹងខិតខំសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន អាជ្ញាធរអប្សារា ICC រដ្ឋបាលខេត្ត ក្រសួងស្ឋាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់សៀមរាមអង្គរ និងតំបន់ជុំវិញរួមមាន៖ ទីក្រុងបេតិកភណ្ឌសៀមរាប តំបន់ទន្លេសាប ព្រែកទាល់ តំបន់ក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ ជីវចម្រុះ ដ៏ទាក់ទាញយ៉ាងពិសេសមួយក្នុងតំបន់។
បន្ថែមពីនេះ លោក សាដាអ៊ូម៉ា អាឡាម ក៏បានផ្តល់យោបល់ល្អៗជាច្រើនទាក់ទងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ទីក្រុង តំបន់ទន្លេសាប ភ្នំគូលែន រហូតដល់តំបន់ប្រាសាទព្រវិហារ កោះកេរ បេងមាលា សំបូរព្រៃគុក ដែលអាចតភ្ជាប់ខ្សែទស្សនកិច្ចបេតិកភណ្ឌ មកដល់តំបន់អេកូទេសចរណ៍ នៅប៉ែកនិរតីរួមមាន៖ ព្រៃកោងកាង ជួរភ្នំក្រវាញ និងអេកូទេសចរណ៍នៅភូមិភាគឦសាន្ត ផងដែរ។