ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ នៅក្នុងទីផ្សារចំនួនអ្នកលក់ នៅតែមានចំនួនច្រើនជាងអ្នកទិញ ទីផ្សារមិនទាន់មានតម្លៃកើនឡើងនៅឡើយ បើធៀបនឹងមុនវិបត្តិកូវីដ១៩។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ មានសកម្មភាពទិញ លក់ជាហូរហែរ តែក្នុងក្របខ័ណ្ឌ នៃតម្រូវការចាំបាច់ជាជាង ការវិនិយោគយកផលចំណេញ។
-->

លោកបញ្ជាក់ថា “បច្ចុប្បន្នអ្នកលក់ បានទទួលស្គាល់ថា ក្នុងទីផ្សារពិតជាមានអ្នកលក់ច្រើន ហើយតម្លៃបានធ្លាក់ចុះ”។លោកបន្តថា “ម្ចាស់អចលនទ្រព្យបានដឹងថា មានអ្នកទិញមានដែរ តែមានចំនួនតិច ហេតុនេះតម្លៃអចលនទ្រព្យ ដែលពួកគាត់អាចលក់ចេញបាន ពួកគេបានលក់ ដោយមិនរង់ចាំទៀតទេ”។
ជាមួយគ្នានេះ លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការទីផ្សារទិញ លក់ ជួល ពិសេសឃ្លាំងនានា នៅតែមានសកម្មភាព និងតម្រូវការ ប៉ុន្តែទីផ្សារខុនដូ និងលំនៅដ្ឋាននានាបានងាកមករកតម្រូវការសម្រាប់តម្លៃមធ្យម ជាជាងលំនៅដ្ឋានបែបប្រណីត។

លោកស្រីបន្តថា “យើងនៅតែមានសុទិដ្ឋិនិយម ក្នុងទីផ្សារឆ្នាំនេះ ពិតជាមានសភាពប្រសើរជាងឆ្នាំមុន បើទោះអ្វីៗមិនទាន់ហក់ឡើងគួរឲ្យកត់សំគាល់ក្តី”។
ចំណែកលោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅក្នុងសកម្មភាពសមាគមនៃកម្មវិធីland Matching នៅតែមានសមាជិករបស់យើងផ្តល់សេវាកម្មទិញ លក់ជួលបានជាហូរហែរ។
លោកបន្តថា “ស្ថានភាពអចលនទ្រព្យ នៅក្នុងទីផ្សារជាក់ស្តែងចាប់ផ្តើមរើបឡោះងវិញណ្តើរៗហើយ”៕
