ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញ និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្របពេលតម្លៃដីធ្លីនៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសធ្លាក់ចុះ ចលនានៃការអភិវឌ្ឍបានងាកទៅកាន់តំបន់ថ្មី។
អគ្គនាយកក្រុមហ៊ុនKFA លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្របពេលដីធ្លីនៅខេត្តព្រះសីហនុ និងរាជធានី ខេត្តដទៃ បានដាំក្បាលចុះចន្លោះពី២០ ទៅ៥០ភាគរយ ចលនានៃការទិញ លក់ និងការអភិវឌ្ឈបានងាកទៅកាន់តំបន់ព្រំដែនគម្ពុជា វៀតណាម និងព្រំដែនកម្ពុជា ថៃមួយចំនួន។
លោកបន្តថា តំបន់ព្រំដែនទាំងនោះរួមមាន ទីក្រុងប៉ោយប៉ែត ទីក្រុងបាវិត ទីក្រុងសំពៅពូន តំបន់សំឡូត និងព្រំដែនរវាងកម្ពុជា វៀតណាម ក្នុង ខេត្តត្បូងឃ្មុំជាដើម។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងពេលសភាពការណ៍ពិភពលោកប្រែប្រួលនាពេលនេះ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថានភាពស្ថេរភាពនយោបាយ កត្តាសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា“ទីផ្សារអចលនទ្រព្យកម្ពុជានៅតែមានចរន្ត បើទោះបីជាមិនដូចអំឡុងមុនពេលមានវិបត្តិកូវីដ១៩ក្តី តែស្ថានភាពសុខភាពនៅក្នុងវិស័យនេះ នៅតែដំណើរការដោយក្រុមហ៊ុនធំៗ នៅតែបន្តអភិវឌ្ឍន៍គំរោងរបស់ខ្លួន”។
លោកបន្តថា ជាក់ស្តែងគំរោងអភិវឌ្ឍន៍នានា របស់លោករួមមានទាំងដីឡូត៍ លំនៅដ្ឋាននៅតែលក់បានបណ្តើរៗ មិនជាប់គាំងណាមួយនោះទេ៕