ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ៥Amirates បានតភ្ជាប់ជើងហោះហើរទៅកាន់ខេត្តសៀមរាបហើយ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ បន្ទាប់ពីការទន្ទឹងរង់ចាំជាយូរ ទីបំផុតការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាប ត្រូវបានទទួលស្វាគមន៍ដោយកក់ក្តៅកាលពីរាត្រីថ្ងៃទី៣ មិថុនា។

វាជាក្រុមហ៊ុនអាកាសចរណ៍ លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផល ដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួន បានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។

-->

ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាប លើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត លោកកាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវសូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋ។

គណៈប្រតិភូជាន់ខ្ពស់ ត្រូវបានដឹកនាំដោយលោក Nabil Sultan, Executive Vice President, Passenger Sales and Country Management សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Orhan Abbas, Senior Vice President for Commercial Operations in the Far East សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Abdulla Alkhallafi, Vice President, Cargo Commercial, Far East and Australasia សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងលោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថាប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រ ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។

លោកបន្តថា “ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ”៕