ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ បើទោះបីព្រលានយន្តហោះបើកដំណើរការក្តី ប៉ុន្តែតម្លៃដីធ្លីនៅជុំវិញតំបន់នេះ នឹងមិនឡើងថ្លៃទេ តែសកម្មភាពទិញលក់មានច្រើនជាងមុន។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញ និងជាស្ថាបនិកបុរីវិមានសំណាង។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៥ មិថុនាថា សកម្មភាពទិញ លក់នឹងកើនឡើង ប៉ុន្តែដីធ្លីមិនទាន់ឡើងថ្លៃទេ តែតាមបទពិសោធន៍ តម្លៃដីធ្លីជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងគំរោងព្រែកជីកហ្វូណនតេជោ កំពុងសាងសង់ដីអាចនឹងឡើងថ្លៃ ប៉ុន្តែការពិត តម្លៃដីបានកើនឡើងកាលពីមួយឆ្នាំមុន។ ចំណែកព្រលានយន្តហោះថ្មី ពីមុនអាចលក់មិនបាន ប៉ុន្តែនៅពេលព្រលានបើកដំណើរការ អាចលក់ចេញបាន នៅពេលមានតម្រូវការពិតប្រាកដ។
លោកឧកញ៉ាបណ្ឌិតបានបន្តថា តាមបទពិសោធន៍របស់លោក នៅពេលអ្នកវិនិយោគខ្មែរ និងបរទេស មុនសម្រេចចិត្តទិញដីចាប់ពី១លានដុល្លារឡើង ពួកគេបានជួលក្រុមហ៊ុនចុះវាយតម្លៃ ដែលមានទិន្នន័យច្បាស់លាស់ ពួកគេអាចសម្រេចចិត្តទិញ ដោយគ្រាន់តែចំណាយលើថ្លៃសេវាកម្មចន្លោះពី៥០០ ទៅ១០០០ដុល្លារ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “អ្នកវិនិយោគ ពួកគេហ៊ានចំណាយតម្លៃខាងលើ ដើម្បីមានមូលដ្ឋានសម្រេចចិត្ត ច្បាស់លាស់ មុនសម្រេចចិត្តទិញ”។
លោកបន្តទៀតថា “អ្នកទិញដី ចំណេញលឿន លក់ចេញលឿន ប៉ុន្តែអ្នកទិញហើយលោភលន់ ពួកគេអាចជាប់គាំងក្នុងរឿងដីធ្លី”។ លោកបន្ថែមថា “ប៉ុន្តែបើអ្នកទិញយកចំណេញលឿន លក់ចេញលឿន ពួកគេនឹងមិនប្រឈមការជាប់គាំងនោះទេ”៕