ដោយ នៅ ស៊ីវុត្ថា
វៀតណាម៖ ធនាគារកណ្តាលរបស់ប្រទេសវៀតណាម ( State Bank of Vietnam ) បានស្នើឲ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ មានការគ្រប់គ្រងលើកម្ចីទិញអចលនទ្រព្យឲ្យបានតឹងរ៉ឹងដែលបានផ្តល់ដោយស្ថាប័នឥណទាន ខណៈដែលតម្លៃដីនៅតំបន់មួយចំនួនបានបន្តពុះកញ្ជ្រោល។
លោក Le Minh Hung ទេសាភិបាលធនាគារកណ្តាលវៀតណាមកាលពីពេលថ្មីៗ បានសេរសេរលិខិត ផ្ញើឱ្យស្ថាប័នប្រតិបត្តិការធនាគារ ដែលជាសាខារបស់ខ្លួន និងធនាគារផ្សេងទៀត ឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍទីផ្សារអចលនទ្រព្យ និងការឃ្លាំងមើលឲ្យបានតឹងរ៉ឹងនូវការផ្តល់ឥណទាន សម្រាប់វិស័យមួយនេះ។
យោងតាមលិខិតរបស់ធនាគារនេះបានឲ្យដឹងថា ក្នុងករណីទីផ្សារអភិវឌ្ឍន៍មានភាពមិនប្រក្រតីណាមួយកើនឡើង ត្រូវធ្វើការរាយការណ៍ដល់ធានាគារកណ្តាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ ការត្រួតពិនិត្យលើការផ្តល់ប្រាក់កម្ចី នឹងត្រូវបានលើកកម្ពស់ ជាពិសេសកម្ចីទិញអចលនទ្រព្យ ដើម្បីធានាដល់សុវត្ថិភាពនិងប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News បានឲ្យដឹងថា ការបញ្ជាឲ្យមានការត្រួតពិនិត្យលើកម្ចីទិញអលចនទ្រព្យនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីតម្លៃដីពុះកញ្ជ្រោលខ្លាំង រួមមានតំបន់ Da Nang តំបន់ Quang Nam និង តំបន់ Van Don។
កំណើននៃឥណទានក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេរាយការណ៍ថា មានដំនើរការយឺត ពោលមានត្រឹមតែ៨.៥៦ ភាគរយ ក្នុងឆ្នាំ២០១៨ ពី១២.៨៩ ភាគរយនៅក្នុងឆ្នាំ ២០១៦។
ធនាគារកណ្តាលក៏បានស្នើដល់ស្ថាប័នឥណទានទាំងអស់ ត្រូវផ្តោតលើការគាំទ្រលើសហគ្រាសខ្នាតតូច និងធម្យមដើម្បីទទួលបានឥណទាន និងការលើកទឹកចិត្តចំពោះការពង្រីកអាជីវកម្ម និងស្នើឲ្យមានការពង្រីកឥណទានត្រូវតែមានគុណភាពខ្ពស់។

យោងតាមធនាគារកណ្តាលបានឱ្យដឹងថា ការរឹតបន្តឹងឥណទាននេះ មានគោលបំណងកំណត់ប្រាក់កម្ចី សម្រាប់ផ្នែកអចលនៈទ្រព្យ ដើម្បីធានាការអភិវឌ្ឍទីផ្សារប្រកបដោយនិរន្តរភាពនៃទីផ្សារអចលនទ្រព្យ និងសុវត្ថិភាពនៃវិស័យធនាគារ៕






