ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញជើងចាស់ និងបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយរូប បានលើកគឡើងថា តំបន់ភាគខាងជើងរាជធានី កំពុងបង្ហាញសក្តានុពល និងអភិវឌ្ឍន៍បណ្តើរៗឡើងវិញហើយ។
អគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបាមមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ ចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍បណ្តើរៗហើយ ដួចជាតំបន់បឹងតាមោឃ តំបន់កប់ស្រូវ ទីក្រុងសំរោង និងលេចចេញនូវ គំរោងអភិវឌ្ឍលំនៅដ្ឋានលំដាប់ខ្ពស់ និងលំដាប់មធ្យមមួយចំនួន។
លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍នេះ បាននិងកំពុងជម្រុញឲ្យទីផ្សារមានការរីកចម្រើនបណ្តើរៗ ស្របតាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ ឲ្យរដ្ឋបាលក្រុងភ្នំពេញរក្សាដីទំហំ៧០ហិកតា ដើម្បីអភិវឌ្ឈន៍ជាសួនច្បារ និងលំហរសាធារណៈសម្រាប់បំរើការកម្សាន្តរបស់ប្រជាពលរដ្ឋនៅបឹងទំនប់កប់ស្រូវ ឬបឹងតាមោឃ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជាអ្នកវិភាគអចលនទ្រព្យមួយរូបដ៏លេចធ្លោ និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនបានងាកមកកាន់ ភាគខាងជើងរាជធានីភ្នំពេញ ដោយសារភាពប្រសើរឡើង នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការមកដល់នៃក្រសួង មន្ទីរនានារបស់រដ្ឋាភិបាលមកកាន់តំបន់នេះ។
លោកបន្តថា “កត្តាប្រជាសាស្រ្តដើរតួនាទីសំខាន់ផងដែរ ដោយលំហូរប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន ព្រោះការរស់នៅកាន់តែងាយស្រួលសម្រាប់ពួកគេ”។ លោកបន្តថា “ការបើកទ្វារផ្សារទំនើបអ៊ីអនម៉ល២ ផ្សារម៉ាក្រូ គំរោងខុនដូ អាផាតម៉ិន និងផ្សារទំនើបដទៃទៀត កំពុងជម្រុញឲ្យតំបន់ភាគខាងជើង កាន់តែរីកចម្រើននាពេលអនាគត”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់នេះជាតំបន់មានភាពប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ហេតុនេះការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ”៕