ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា មានគំរោងអភិវឌ្ឍន៍អចលនទ្រព្យ បុរី ដីឡូត័ចំនួន១០៩គំរោងបានបញ្ចប់ការដោះស្រាយជាស្ថាបពរហើយ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពី ដើមខែមិថុនា នេះថា មានគំរោងបុរី លំនៅដ្ឋាន និងដីឡូត័ចំនួន១៥៩គំរោងមានបញ្ហា រវាងអ្នកអភិវឌ្ឍន៍និងប្រជាពលរដ្ឋ ដែលក្រសួងបាននិងកំពុងខិតខំដោះស្រាយបញ្ចប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកបញ្ជាក់ថា “ប្រជាពលរដ្ឋខ្លះបានសន្សំលុយទិញផ្ទះ ក្នុងជីវិតពួកគេ ប៉ុន្តែពួកគេមិនបានផ្ទះ តើពួកគេមានអារម្មណ៍បែបណា ទាំងយើងទាំងគេ អញ្ចឹងហើយ ទើបយើងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ដោយយើងឈរខាងប្រជាពលរដ្ឋ”។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា ហេតុដូច្នេះដើម្បីកុំឲ្យការផ្គត់ផ្អង់លើសតម្រូវការ និងមានបញ្ហា ក្រសួងនឹងផ្តល់ទិន្នន័យទៅអ្នកអភិវឌ្ឍន៍ឲ្យបានដឹងថា មួយឆ្នាំកម្ពុជាត្រូវការលំនៅដ្ឋានប៉ុន្មានម៉ឺនខ្នង ដើម្បីពួកគាត់អភិវឌ្ឈន៍មកបំពេញតាមតម្រូវការ និងទីផ្សារជាក់ស្តែង។
លោកបន្តថា ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំ និងលើកទឹកចិត្តឲ្យមានការសាងសង់អាគារស្អាតៗនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ ដើម្បីលើកកំពស់សោភ័ណភាពផង និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕