ដោយៈ និស្ស័យ
ភ្នំពេញៈអ្នកជំនាញអចលនទ្រព្យ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យនេះបានលើកឡើងថា រាជធានី ខេត្តចំនួន៤ បច្ចុប្បន្ននេះមានសកម្មភាពទិញ លក់ដីធ្លីច្រើនជាងគេ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ មិថុនានេះថា សកម្មភាពទិញ លក់ដីធ្លីច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ មាននៅក្នុងខេត្តកណ្តាល ស្ថិតនៅតំបន់ជ្រៃធំ ក្រុងសំពៅពូន មាននៅក្រុងបាវិត ខេត្តស្វាយរៀង តាកែវ និងខេត្តកំពង់ស្ពឺ។
លោកបន្តថា “សកម្មភាពទិញ លក់ដីទាំងនោះ មិនផ្តោតលើប្រាក់ចំណេញទេ តែជាការទិញមានគោលបំណងពិតប្រាកដ”។ លោកបន្តថា “ការបង្កើតតំបន់ឧស្សាហកម្មថ្មីៗ បានធ្វើឲ្យចរន្តរទិញ លក់ដីធ្លីក្នុងវិស័យនេះ មានភាពលេចធ្លោជាងគេ”។
ជាមួយគ្នានេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាអភិបាលនៃក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា តំបន់ដែលស្ថិតនៅផ្លូវជាតិសំខាន់ៗ ងាយស្រួលក្នុងការតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ និងតំបន់មានកំលាំងពលកម្មច្រើនមានការទិញ លក់ដីធ្លីសម្រាប់ការបង្កើតរោងចក្រ សហគ្រាសនានាច្រើន។
លោកបន្តថា “វិស័យឧស្សាហកម្ម បាននិងកំពុងទាក់ទាញការវិនិយោគខ្លាំង ដោយសារការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា”៕