ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញដីធ្លី និងមានឥទ្ឋិពលលើវិស័យអចលនទ្រព្យ បានលើកឡើងដោយសុទិដ្ឋិនិយមពីតម្លៃដីធ្លី នៅតំបន់ជុំវិញភ្នំប្រសិទ្ឋនឹងងើបឡើង ខណៈគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលត្រូវបានបង្ហើបឲ្យដឹង។
លោកថ្លែងបែបនេះ ក្រោយគេហទំព័រPropertyarea.asiaបានបង្ហោះព័ត៌មានធំមួយ កាលពីថ្ងៃទី២០ មិថុនា ដែលរដ្ឋាភិបាលគ្រោងចំណាយទុន៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំប្រសិទ្ឋ ជាតំបន់លំហែរកាយកម្រិតខ្ពស់នាពេលខាងមុខ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ពេលលោកបានដឹងព័ត៌មាននេះ គឺពិតជាល្អណាស់ ហើយលោកគាំទ្រផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ព្រោះតំបន់ភ្នំប្រសិទ្ឋ បើសិនជាអភិវឌ្ឍន៍ជាតំបន់លំហែរកាយកម្រិតខ្ពស់ នឹងទាក់ទាញមនុស្សទៅលេងកំសាន្តច្រើន និងជម្រុញឲ្យតំបន់នេះ មានការអភិវឌ្ឍយ៉ាងសកម្ម។
លោកបញ្ជាក់ថា “តំបន់ភ្នំប្រសិទ្ឋ ជាតំបន់រមណីយដ្ឋានវប្បធ៌ម ធម្មជាតិតាំងពីដើមមក និងមានភាពល្បីល្បាញ ប៉ុន្តែក្រោយមកមានការបង្កើតតំបន់ទេសចរណ៍ថ្មីៗច្រើន បានធ្វើឲ្យចំនួនភ្ញៀវទៅទស្សនាតំបន់នេះថយចុះ”។ លោកបន្តថា “នៅពេលរដ្ឋាភិបាលចំណាយទុនវិនិយោគដ៏ធំនាពេលខាងមុខនេះ នឹងធ្វើឲ្យមនុស្សទៅលេងច្រើន ហើយនៅពេលមានមនុស្សទៅលេងច្រើន សេដ្ឋកិច្ចនៅមូលដ្ឋាននឹងរីកចម្រើនជាមួយគ្នាផងដែរ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានហៅសកម្មភាពបែបនេះ ជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលផលប្រយោជន៍សេដ្ឋកិច្ច ទទួលបានពីសេវាកម្មលំហែរកម្សាន្ត ការហូបចុក និងនិងការស្នាក់នៅ ពិសេសវានឹងធ្វើឲ្យតម្លៃដីធ្លីនឹងកំរើកឡើងវិញ ប៉ុន្តែវាឡើងកម្រិតណាអាស្រ័យស្ថានភាពជាក់ស្តែង ប៉ុន្តែច្បាស់ណាស់វានឹងកើនឡើង៕