ស្ពានខ្ពស់ជាងគេនៅកម្ពុជា ស្ថិតនៅលើផ្លូវជាតិលេខ១០ក្លាយជាផលិតផលទេសចរណ៍ថ្មី

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅទីបំផុតផ្លូវជាតិលេខ១០ ត្រូវបានសាងសង់បញ្ចប់ ជាមួយវត្តមានស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលបាននិងកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មី ដោយទីតាំងនិងធម្មជាតិព័ទ្ឋជុំវិញស្ពាននេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

គោលដៅទេសចរណ៍ថ្មី នៃស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានក្លាយជាទីចាប់អារម្មណ៍ថ្មីមួយ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក មកពីទីជិតឆ្ងាយ បានសម្រុកមកលេងកំសាន្ត ហើយខ្លះក៏ឆ្ពោះទៅសមុទ្រទឹកប្រៃ ខេត្តកោះកុង និងខ្លះទៀតក៏ឈប់សម្រាកសុំចតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានអាកាសធាតុត្រជាក់ និងមានផ្ទៃសមុទ្រទឹកសាបផងដែរ។

កាលពីពេលថ្មីៗនេះស្ពានទី២៨ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។

ស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-កោះកុង មានរយៈកម្ពស់៩០ម៉ែត្រ ប្រវែង៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់ដោយប្រើប្រាស់ថវិកាជាតិ សរុបប្រមាណ២៥លានដុល្លារ សាងសង់ដោយក្រុមហ៊ុនCRBC និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។

បច្ចុប្បន្នស្ពាននេះ ត្រូវបានបើកឱ្យប្រជាពលរដ្ឋ ឆ្លងកាត់ជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រោយពេលវឌ្ឍនភាពការតភ្ជាប់ធ្នឹមស្ពាន និងគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានលទ្ធផល១០០%។ បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ឈប់ថតរូប ទស្សនាកម្សាន្ត ជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយព្រៃពឹក្សាខៀវស្រងាត់ មានអ័ព្វត្រជាក់ភ្នែក ពិសេសឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នៃគម្រោងវារីអគ្គិនី ជាធុងអាគុយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងបេសកកម្ម ដឹកនាំក្រុមការងារចុះដាំកូនឈើ ប្រភេទដើមក្ងោ​ក ដើម្បីលម្អនៅតាមសងខាងផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ ក្បែរស្ពានលេខ២៨ ក្នុងឃុំអូរសោម ស្រុកវាលវែង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត ក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយបានគូសបញ្ជាក់ថា “សន្តិភាព” គឺមានសារៈសំខាន់លើសអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាព យើងក៏គ្មានឱកាសបានដើរហើរ និងគ្មានឱកាសអភិវឌ្ឍនកសាងជាតិបាននោះទេ។

លោកបញ្ជាក់ថា “ដូច្នេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចប្តេជ្ញាបន្តថែរក្សា ការពារសន្តិភាព និងស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here