ដោយនៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម (ASEAN Trade in Services Agreement - ATISA) និងពិធីសារទី៤ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអាស៊ាន ស្តីពីវិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement - ACIA)ដើម្បីកាត់បន្ថយរបាំងនានាក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នៅទីក្រុងភូកេត ប្រទេសថៃ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រីកពាណិជ្ជកម្មលើផ្នែកសេវាកម្មនៅក្នុងតំបន់ តាមរយៈការកាត់បន្ថយរបាំងនានា ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងរដ្ឋជាសមាជិក ក៏ដូចជាជួយសម្រួលដល់សេរីភាវូបនីយកម្ម និងការវិនិយោគក្នុងអាស៊ាន ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមា នៃសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់។
ជាមួយគ្នានេះរដ្ឋមន្រ្តីអាស៊ានទាំងអស់បានពិនិត្យ និងពិភាក្សាលើការបញ្ចប់កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំបានឯកភាពដោះស្រាយបញ្ហាដែលនៅសេសសល់ តាមរយៈការប្រកាន់នូវគោលជំហររួម ដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំនេះ ស្របតាមអាណត្តិផ្តល់ឲ្យដោយថ្នាក់ដឹកនាំ។
រដ្ឋមន្រ្តីទាំងអស់ក៏បានពិភាក្សាលើការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដទៃទៀត ក៏បានលើកអំពីតួនាទី និងសារៈសំខាន់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្តគាំទ្រ និងរក្សាប្រពន្ធ័ពាណិជ្ជកម្មពហុភាគី និងបានឯកភាពចូលរួមក្នុងការធ្វើកំណែទម្រង់ (WTO) ដើម្បីជំរុញប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំក៏បានជំរុញឲ្យមានការតែងតាំងសមាជិកអង្គភាពដោះស្រាយជម្លោះ (WTO) ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងនូវបញ្ហាជាប់គាំងយន្តការដោះស្រាយជម្លោះពាណិជ្ជកម្មដ៏សំខាន់នេះ៕






