សារព័ត៌មានអារ៉ាប់ដាក់បញ្ចូលទីក្រុងសៀមរាបក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១៥ នៅតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Gulf News របស់អារ៉ាប់ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានដាក់បញ្ចូលទីក្រុងសៀមរាប និងប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១៥ នៅតំបន់អាស៊ាន។

សារព័ត៌មាន Gulf News បានសរសេរក្នុងអត្ថបទរបស់ខ្លួនថា ប្រាសាទអង្គរវត្តនៅទីក្រុងសៀមរាបដ៏គួរឱ្យស្ញប់ស្ញែងជាគោលដៅទេសចរណ៍ ដែលមិនគួរមើលរំលង រួមជាមួយនឹងបាតុភូតព្រះអាទិត្យរះនៅចំកំពូលប្រាសាទអង្គរវត្ត។

ទន្ទឹមគ្នានេះ ការកម្សាន្ត និងជីវិតពេលរាត្រីដ៏ស្ងប់ស្ងាត់នៅក្រុងសៀមរាបធ្វើឱ្យទីក្រុងមួយនេះកាន់តែមានភាពទាក់ទាញ និងក្លាយជាគោលដៅទេសចរណ៍កំពូលមួយនៅតំបន់អាស៊ាន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ជនបរទេសសរុបចំនួន៥២៧.៥៧៧នាក់មកពី១៧១ប្រទេស និងតំបន់បានចូលមកទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៥ ដោយបង្កើតប្រាក់ចំណូលបានសរុបចំនួន២៤,៥លានដុល្លារអាមេរិកពីការលក់សំបុត្រ។

ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីយដ្ឋានអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) កាលពីឆ្នាំ១៩៩២។

តំបន់​បេតិកភណ្ឌ​ពិភពលោក​មួយនេះមាន​ប្រាសាទ​បុរាណ​ចំនួន៩១ ដែល​ត្រូវ​បាន​សាងសង់​ឡើងចាប់ពី​សតវត្ស​រ៍ទី៩ រហូតដល់​សតវត្ស​រ៍ទី១៣។ បច្ចុប្បន្ន រមណីយដ្ឋាននេះជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។

គោលដៅទេសចរណ៍កំពូលផ្សេងៗទៀត ដែលសារព័ត៌មាន Gulf News បានចុះផ្សាយ រួមមានដូចជា ទីក្រុង George Town លើកោះ Penang របស់ប្រទេសម៉ាឡេសុី កោះ Palawan របស់ហ្វីលីពីន កោះបាលីរបស់ឥណ្ឌូនេសុី ទីក្រុងសិង្ហបុរី និងឆ្នេរសមុទ្រ Ha Long Bay របស់ប្រទេសវៀតណាមជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here