ដោយៈ សហការី
ភ្នំពេញៈ ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ស្របពេលដែលវិវាទព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅកាន់តែខ្លាំងរហូតឈានដល់ការបិទព្រំដែន និងបិទការនាំត្រីចូលពីប្រទេសថៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូលក៏ត្រូវអនុលោម ទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មមិនមានយន្តការតម្លាភាព ដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុក សម្រាប់ធ្វើការបញ្ជាក់នោះឡើយ។
សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរវារីវប្បកម្មនៅកម្ពុជា។
យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន៧ពាន់៤០០តោន។
ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភ ចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុក មិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ស្របពេលដែលកម្ពុជា កំពុងបិទការនាំចូលត្រី បន្លែ និងផ្លែឈើពីប្រទេសថៃ ដោយសារវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែឡើងកម្ដៅជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្ម ពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាត ឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួន ដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។
ក្រុមសមាជិកសមាគមបានបង្ហើបឱ្យដឹងថា ការកំណត់កូតាដែលក្រុមហ៊ុនអាចនាំត្រីចូលបាន ក្នុងចំនួនជាក់លាក់កំណត់ដោយក្រសួង គឺតិចជាងចំនួនដែលអ្នកនាំចូលបាន ស្នើសុំតាមតម្រូវការទីផ្សាររបស់ខ្លួន ព្រោះទាល់តែសុំតាមចំនួនដែលក្រសួងកំណត់ ទើបគេអនុញ្ញាត តែបើសុំក្នុងចំនួនដែលក្រសួងកំណត់ គឺស្មើរនឹងយល់ព្រមបាត់ទីផ្សាររបស់ខ្លួន ហើយបើរក្សាទីផ្សារខ្លួន គឺត្រូវដឹកចូលលើសចំនួនដែលក្រសួងអនុញ្ញាត នោះត្រូវប្រឈមផ្លូវច្បាប់ ហើយនៅពេលដែលពួកយើងខ្ញុំលែងនាំចូលបាន ពេលនោះទីផ្សារនាំចូលត្រី នឹងត្រូវក្រឡុកដោយក្រុមអាជីវករថ្មីហើយ ព្រោះដោយសារតែតាមការពិតគឺប្រជាកសិករក្នុងស្រុក មិនទាន់មានលទ្ធភាព ចិញ្ចឹមផ្គត់ផ្គង់តម្រូវការទីផ្សារបាននៅឡេីយទេ ហើយវាក៏នឹងធ្វើឱ្យត្រី នៅក្នុងស្រុកឡើងថ្លៃផងដែរ។
សរុបមក បណ្ដាក្រុមហ៊ុននាំត្រីចូល បានស្នើសុំក្រសួងកសិកម្មអនុញ្ញាតឲ្យនាំត្រីចូលក្នុងចំនួនសមស្រប សម្រាប់បំពេញតម្រូវការទីផ្សារដែលទទួលការបញ្ជាទិញ ដោយហ៊ានធានាថាផ្តល់អាទិភាពជួយប្រមូលទិញផលិតផល ដែលចិញ្ចឹមបានក្នុងស្រុកក្នុងតម្លៃទីផ្សារ តែបេីក្រសួងនៅតែកំណត់ចំនួនបែបនេះ ដូចនេះបើក្រុមហ៊ុនហ៊ានដឹកចូលគឺខុសច្បាប់ បំពានសេចក្ដីសម្រេចរបស់ក្រសួង ទោះដើម្បីរក្សាទីផ្សាររបស់ខ្លួនក្តី នោះប្រាកដជាខុសច្បាប់ តែបើមិនដឹកចូលគឺបាត់បង់ទីផ្សារ ស្មើនឹងចែកទីផ្សារឱ្យក្រុមហ៊ុន ខុសច្បាប់ផ្សេងៗទៀតយ៉ាងអយុត្តិធ៌ម។
ទាក់ទិននឹងក្ដីកង្វល់ ដែលខ្លាចការនាំត្រីចូលពីក្រៅប្រទេសជោរជន់នៅក្នុងស្រុកខ្លាំងពេក ដែលជះផលប៉ះពាល់ ដល់អ្នកប្រកបរបរវារីវប្បកម្មនៅកម្ពុជា សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបញ្ជាក់ថា សមាគមរីករាយនឹងជួយប្រមូលទិញត្រី និងផលិតផលវារីវប្បកម្មផ្សេងៗទាំងអស់នៅកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។
ដូចនេះ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្គត់ផ្គង់ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនឹងគិតគូរពីបញ្ហានេះឡើងវិញ ដោយក្ដីអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន៕