ក្រសួងកសិកម្មចុះMOUជាមួយស្ថាប័នឯកជនចំនួន២ដើម្បីលើក កំពស់ការអភិវឌ្ឍក្នុងវិស័យនេះ

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd)។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ខ្ញុំស្វាគ​មន៍ និងមានមោទនភាព ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មី ជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព”។

ធនាគារស្ថាបនា បានក្លាយជាធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣លានដុល្លារអាមេរិក សម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។

ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមក ពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូន កសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។

តាមរយៈMoUនេះ  ក្រុមហ៊ុនខានបូន ខេភីថល នឹងធ្វើវិភាគ​ទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

លោករដ្ឋមន្រ្តីឌិត ទីណាបានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញទំនុកចិត្តផ្ដល់ទុន កម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងសូមថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលចែករំលែកចំណូលដើម្បីគាំទ្រផលប្រយោជន៍រួមរបស់សង្គម ជាពិសេសការគាំទ្រមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

លោកបញ្ជាក់ថា “ខ្ញុំលើកទឹកចិត្តឱ្យស្ថាប័នវិស័យឯកជន ដទៃទៀតចូលរួមលើកស្ទួយវិស័យកសិកម្ម តាមគំរូរបស់ដៃគូទាំងពីរនេះ”៕

 

ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦


ចែករំលែក