រដ្ឋាភិបាលវៀតណាមស្នើសភាអនុម័តឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងគម្រោងផ្លូវរថភ្លើងហាណូយ-ហូជីមិញ តម្លៃ៦១ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលវៀតណាមបានស្នើឱ្យរដ្ឋសភាអនុម័តយល់ព្រមចំពោះការចូលរួមបណ្តាក់ទុនវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿនខ្នាតយក្ស ដែលតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ក្រោមទំហំទឹកប្រាក់ចំនួន៦១ពាន់លានដុល្លារ។

នៅទូទាំងពិភពលោក ជាធម្មតា គម្រោងផ្លូវដែកត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលដោយសារតែការចំណាយទុនវិនិយោគខ្ពស់ និងត្រូវការរយៈពេលយូរដើម្បីស្រង់ដើម។ បណ្តាប្រទេសមួយចំនួនប្រើប្រាស់គំរូភាពជាដៃគូរវាងសាធារណៈ និងឯកជន (PPP)។ប៉ុន្តែការគាំទ្ររបស់រដ្ឋនៅតែមានភាពចាំបាច់។

កាលពីខែឧសភា ក្រុមហ៊ុនឯកជនខ្នាតយក្ស VinSpeed ​​របស់មហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong បានស្នើសុំសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ដោយប្តេជ្ញាផ្តល់មូលនិធិចំនួន២០ភាគរយនៃទំហំទុនវិនិយោគសរុបចំនួន៦១ពាន់លានដុល្លារ និងខ្ចីដើមទុនចំនួន៨០ភាគរយទៀតពីរដ្ឋាភិបាល។

យ៉ាងណាមិញ ក្រុមហ៊ុន VinSpeed បានស្នើសុំកុំឱ្យរដ្ឋាភិបាលគិតអត្រាការប្រាក់លើប្រាក់កម្ចីចំនួន៨០ភាគរយនេះ ដោយសន្យាទូទាត់សងត្រឡប់វិញក្នុងរយៈពេល៣៥ឆ្នាំ។

ក្រុមហ៊ុនក៏បានស្នើសុំការជួយសម្រួលពីរដ្ឋាភិបាលលើការទិញដី សិទ្ធិអភិវឌ្ឍន៍អចលនទ្រព្យនៅជិតស្ថានីយ៍រថភ្លើង ការលើកទឹកចិត្តពន្ធ អាជ្ញាប័ណ្ណគ្រប់គ្រងប្រតិបត្តិការរយៈពេល៩៩ឆ្នាំ និងស្នើសុំកំណត់តម្លៃសំបុត្ររថភ្លើងឱ្យថោកជាងតម្លៃសំបុត្រយន្តហោះ។

ចំណែក ក្រុមហ៊ុនផលិតរថយន្ត Thaco Group ក៏បានដាក់សំណើស្រដៀងគ្នានេះផងដែរ។ ក្រុមហ៊ុន Thaco Group បានប្តេជ្ញាបោះទុនចំនួន២០ភាគរយនៃទុនវិនិយោគសរុបចំនួន៦១ពាន់លានដុល្លារ និងស្វែងរកទុនចំនួន៨០ភាគរយទៀតពីប្រភពក្នុងស្រុក និងបរទេស។

ក្រុមហ៊ុន Thaco Group ក៏បានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលដល់ការទិញដី ការតាំងទីលំនៅថ្មីរបស់ប្រជាជនដែលរងផលប៉ះពាល់ ព្រមទាំងស្នើសុំការជួយធានាលើប្រាក់កម្ចី និងស្នើឱ្យរដ្ឋាភិបាលជួយបង់អត្រាការប្រាក់រយៈពេល៣០ឆ្នាំ។

ក្រុមហ៊ុន Thaco បានអះអាងថា ខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដើម្បីគ្រប់គ្រងគម្រោងនេះ ប្រសិនបើទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here