ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា-និងចិន នឹងចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើពាណិជ្ជកម្មអង្ករ ប្រមាណ ៤០ម៉ឺនតោននាំចេញទៅកាន់ទីផ្សារប្រទេសចិននៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី ២ នាពេលខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្ងៃទី ២៤ ខែមេសា ម្សិលមិញនេះ បានឲ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ ដែលជាសេនាធិការ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋបជាមានិតចិនកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ លើការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MOU) សម្រាប់ពាណិជ្ជកម្ម ទំនិញអង្ករកម្ពុជា ចលទៅកាន់ទីផ្សារប្រទេសចិន។
សេក្តីជូនដំណឹងដដែលបន្តថា ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាលើសេក្តីព្រាងអនុស្សារណៈដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី ២ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋមានិតចិន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។
សម្រាប់ចំណុចសំខាន់ៗនៅក្នុងអនុស្សារណៈដែលភាគីទាំងពីរបានចុះហត្ថលេខា មានដូចតទៅ៖
-ពាណិជ្ជកម្មអង្ករ៖ ភាគីចិនយល់ព្រមទិញអង្ករ ផ្ការម្លិះ អង្ករក្រអូប អង្ករស និងចុងអង្កររបស់ប្រទេសកម្ពុជាក្នុងបរិមាណ ៤០ ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ ២០២០។
-យន្តការអនុវត្ត៖ អនុស្សារណៈនេះ នឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សារណៈដំបូងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ ស្តីពីការចូលអង្ករចំនួន ៣០ម៉ឺនតោន។
-យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សារណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើឡើងជាយថាហេតុ កំឡុងពេលអនុស្សារណៈនៃការយោគយល់គ្នានេះ៕







