ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅប្រទេសចិនបានបន្តដាំក្បាលចុះកាលពីខែមិថុនា ដោយបានបង្កឱ្យមានភាពតានតឹងបន្ថែមទៀតលើទិដ្ឋភាពសេដ្ឋកិច្ចចិន និងទាមទារឱ្យមានការដាក់ចេញវិធានការគាំទ្រថ្មី។នេះបើយោងតាមការចុះផ្សាយដោយបណ្តាសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមទិន្នន័យបឋមថ្មីចុងក្រោយបំផុតពីក្រុមហ៊ុន China Real Estate Information Corp (CRIC) បានឱ្យដឹងថា ទំហំទឹកប្រាក់សរុបពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន១០០ សម្រេចបានចំនួន៣៣៩ពាន់លានយ័ន ដាំក្បាលចុះ២៣ភាគរយធៀបនឹងឆ្នាំមុន។នេះបើយោងតាមការគណនាដោយកាសែត Bloomberg ។
វិបត្តិលំនៅដ្ឋានរបស់ប្រទេសចិនបានអូសបន្លាយអស់រយៈពេល៤ឆ្នាំមកហើយ ខណៈវិធានការជំរុញសេដ្ឋកិច្ចកាលពីខែកញ្ញា ឆ្នាំ២០២៤ បានបាត់បង់ប្រសិទ្ធភាព។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានប្តេជ្ញាចាត់វិធានការនានាបន្ថែមទៀត ក្នុងគោលដៅស្តារទីផ្សារលំនៅដ្ឋានក្នុងប្រទេសនេះឡើងវិញ។








