ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រតិភូវិនិយោគមកពីខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មកម្ពុជា-លាវនីង នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩កន្លងមក លោកជិន គួយហ្វា (Chen Qiufa) លេខាបក្សកុំម្មុយនីសខេត្តលាវ បានជម្រាបជូន លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់ខេត្តលាវនីង ព្រមទាំងគម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំងសួនឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាចនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។
-->
លោកជិន គួយហ្វា បានស្នើសុំ លោករដ្ឋមន្ត្រី ធ្វើការគាំទ្រគម្រោងវិនិយោគខាងលើ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងខេត្តលាវនីង នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ ចំពោះសំណើរបស់ លោក ជិន គួយហ្វា និងបានសន្យាជួយសម្របសម្រួលគម្រោងវិនិយោគរបស់ខេត្តលាវនីង ឱ្យលេចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន ជាពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។
លោករដ្ឋមន្ត្រី បានស្នើសុំ លោកជិន គួយហ្វា និងប្រតិភូគ្រោងធ្វើការវិនិយោគសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ ដោយសារតែកម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយភោគផលធម្មជាតិមានដូចជា៖ ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ល។
លោករដ្ឋមន្ត្រីក៏បានស្នើលោកលេខាបក្សខេត្តលាវនីង ជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង៕