ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជា ជប៉ុនរំពឹងឈានដល់កិច្ចសហការក្នុងវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ បច្ចេកវិទ្យា កម្មន្តសាល និងការអភិវឌ្ឍន៍មូលធនមនុស្ស។
ប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទសប្តាហ៍មុន បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាកាន់តែស៊ីជម្រៅ តាមរយៈកញ្ចប់សហបង្កើតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន (Cambodia-Japan Economic Co-Creation Package) ដែលទើបដាក់ឱ្យដំណើរការ ដែលត្រូវបានរំពឹងថានឹងបម្រើជាវេទិកា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើន និងពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ការលើកឡើងនេះ ត្រូវបានគូសបញ្ជាក់ក្នុងជំនួប រវាងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណាហ្គាស៊ីម៉ា អាគិហិសា (Nagashima Akihisa) សមាជិករដ្ឋសភាជប៉ុន និងជាទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១ ខែកក្កដា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។
កញ្ចប់សហបង្កើតសេដ្ឋកិច្ច ដែលបានចាប់ផ្តើមនៅចុងខែឧសភា ឆ្នាំ២០២៥ ត្រូវបានពិពណ៌នាថាជាយន្តការថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជនរបស់ប្រទេសទាំងពីរ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ និងមានការចូលរួមពីក្រសួង និងស្ថាប័នរដ្ឋាភិបាលចំនួន២០ ដោយបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយមួយ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍រួមគ្នា។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា “ភាគីជប៉ុនបានស្វាគមន៍ ចំពោះការបើកដំណើរការកញ្ចប់នេះ ហើយបានមើលឃើញថាវាជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសវិនិយោគ នៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។
កញ្ចប់នេះត្រូវបានរំពឹងថា នឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ បច្ចេកវិទ្យា កម្មន្តសាល និងការអភិវឌ្ឍន៍មូលធនមនុស្ស។
ភាគីកម្ពុជាបានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមភាគីជប៉ុន ដើម្បីអនុវត្តន៍យន្តការកិច្ចសហប្រតិបត្តិការនេះ ប្រកបដោយប្រសិទ្ធភាព។ គោលបំណងគឺដើម្បីសម្រួលដំណើរការ ដកចេញរបាំង និងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ជប៉ុនរយៈពេលវែង ក្នុងការអភិវឌ្ឍកម្ពុជា។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃចន្ទ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកញ្ចប់សហបង្កើតសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏សំខាន់មួយ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះផ្តល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការចូលរួមផ្នែកសេដ្ឋកិច្ចនាពេលអនាគត និងឆ្លុះបញ្ចាំងពីគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សារជាថ្មីថា “ប្រទេសជប៉ុននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសតាមរយៈការគាំទ្រផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍”។
ភាគីកម្ពុជាស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការលើកទឹកចិត្ត ក្រុមហ៊ុនកាន់តែច្រើន ក្នុងការស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា ដោយចាត់ទុកកញ្ចប់នេះ ជាការឆ្លើយតបទាន់ពេលវេលាចំពោះការផ្លាស់ប្តូរ សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍ទាំងពីរ បានគូសបញ្ជាក់ពីមហិច្ឆិតារួមក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសន្ទនាកម្រិតខ្ពស់ ប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
តាមរយៈការកសាងទំនុកចិត្តទ្វេរភាគីដ៏យូរអង្វែង កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ត្រូវបានគេរំពឹងថានឹងជំរុញរលកថ្មី នៃការវិនិយោគរបស់ជប៉ុន និងធ្វើជាគំរូសម្រាប់ភាពជាដៃគូរដ្ឋ និងឯកជននៅក្នុងតំបន់។
យោងតាមឯកសារ របស់ក្រសួងការបរទេសជប៉ុនបានឲ្យដឹងផងដែរថា កញ្ចប់សហបង្កើតសេដ្ឋកិច្ច ជប៉ុន-កម្ពុជា ដែលទើបចុះហត្ថលេខា បានកំណត់សសរស្តម្ភយុទ្ធសាស្ត្រចំនួនប្រាំបួន ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ការអភិវឌ្ឍន៍ធនធានមនុស្ស បរិវត្តកម្មឌីជីថល ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។
ចំណុចស្នូលនៃកិច្ចព្រមព្រៀងនេះ គឺការប្តេជ្ញាចិត្តក្នុងការបណ្តុះអ្នកមានទេពកោសល្យ ដែលមានជំនាញខ្ពស់ តាមរយៈកម្មវិធីបណ្តុះបណ្តាលរួមគ្នា ដែលពាក់ព័ន្ធនឹងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន។
ផែនការនេះ រួមបញ្ចូលទាំងការពង្រីក មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន និងការបង្កើនការគាំទ្រសម្រាប់ការអប់រំវិជ្ជាជីវៈ ក្នុងគោលបំណង បំពេញតម្រូវការកើនឡើង នៃជំនាញឧស្សាហកម្មកម្រិតខ្ពស់។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏នៅតែជាអាទិភាពកំពូលផងដែរ ដោយប្រទេសជប៉ុន បានសន្យាគាំទ្រក្នុងការពង្រឹង បណ្តាញផ្លូវដែករបស់កម្ពុជា និងកែលម្អកិច្ចសម្របសម្រួលភស្តុភារ ឆ្លងកាត់ព្រំដែនក្នុងចំណោមប្រទេសមេគង្គ។
លើសពីនេះ ប្រទេសទាំងពីរបានប្តេជ្ញា ជំរុញគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដូចជា គម្រោងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល និងផែនទីបង្ហាញផ្លូវអព្យាក្រឹតកាបូន ក្រោមក្របខណ្ឌតំបន់ដូចជា សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC)។
កញ្ចប់នេះក៏លើកទឹកចិត្ត ដល់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសាយប័រ និងជំរុញឌីជីថលូបនីយកម្មនៃរដ្ឋបាលសាធារណៈ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់វិស័យរដ្ឋ និងឯកជន គំនិតផ្តួចផ្តើមនេះ បង្ហាញពីចក្ខុវិស័យរួមមួយ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។
សេដ្ឋវិទូនិយាយថា គំនិតផ្តួចផ្តើមនេះកើតឡើង ក្នុងពេលវេលាយុទ្ធសាស្ត្រមួយ ដោយសារខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ កំពុងត្រូវបានរៀបចំឡើងវិញ ហើយក្រុមហ៊ុនជាច្រើន កំពុងស្វែងរកមជ្ឈមណ្ឌលផលិតកម្ម ដែលមានតម្លៃទាបនិងមានស្ថិរភាព ក្នុងអាស៊ីអាគ្នេយ៍។
កញ្ចប់នេះត្រូវបានរំពឹងថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្គូផ្គងអាជីវកម្ម សម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងជប៉ុន រួមទាំងតាមរយៈការបណ្តាក់ទុនរួមគ្នា៕