គម្រោង​ប្រែក្លាយ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ទៅជា​តំបន់​បៃតង​បាន​ចាប់ផ្តើម​ជាមួយ​ជំនួយ​ជប៉ុន​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​តំបន់​បឹង​ជើងឯក​ដែល​ជា​អតីត​ទីតាំង​ផ្ទុក​ទឹក​កខ្វក់​ ​ដែល​បង្ហូរ​ចេញពី​រាជធានី​ភ្នំពេញ​ ​ដែល​ធ្លាប់​ត្រូវ​បានខាង​សាលាក្រុង​ប៉ារីស​ ​ធ្វើការ​សិក្សា​ប្រែក្លាយ​ឱ្យទៅ​ជា​តំបន់​បៃតង​នោះ​ ​ពេលនេះ​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​ ​JICA​ ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ជា​ជំ​ហ៊ាន​ដំបូង​ហើយ​។​ ​

​គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ជាមួយ​ក្រុម​អ្នកជំនាញ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ជប៉ុន​ ​JICA​ ​ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​ ​២៥លាន​ដុល្លារ​។​ ​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ម៉េ​ត​ ​មាស​ភក្ដី​ ​បាន​មាន​ប្រស​សន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៥​ ​ខែមេសា​នេះ​ថា​ ​បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​លម្អិត​ទៅលើ​គម្រោង​អភិវឌ្ឍ​មួយ​នេះ​ ​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុងតែ​ចាប់​ផ្តើម​ដំនើ​រកា​រ​ជា​ជំ​ហ៊ាន​ដំបូង​ ​រួម​ជាមួយនឹង​បន្ត​ការសិក្សា​លម្អិត​បន្ថែម​ ​ទៅលើ​ចំណុច​ទីតាំង​ជាក់លាក់​ក្នុង​ការសាងសង់​ស្ថានីយ៍​ចម្រុះ​ទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​។​ ​

លោក​បាន​បន្ត​ថា​ ​ជា​ជំ​ហ៊ាន​ដំបូង​ ​អ្នកជំនាញ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​មន្រ្តី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​កំពុង​ចុះ​ធ្វើការ​វាស់វែង​ដើម្បី​បោះបង្គោល​ព្រំ​ ​និង​កាយ​អាចម៍ដី​ ​ដែល​ចាក់​រំលោភ​ប្រឡាយ​ ​យក​មក​ចាក់​នៅ​តាម​ព្រំ​ប្រឡាយ​ ​រួម​ជាមួយនឹង​ការកំណត់​ទីតាំង​ជីក​បង្កប់​លូ​បង្ហូរទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​។​ ​

​លោក​បញ្ជាក់​ថា​ ​“​តាមរយៈ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​លើក​ទី១​ ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​មួយ​នេះ​ ​នឹង​ចូលរួម​លើកកម្ពស់​បរិស្ថាន​ ​លុបបំបាត់​ទឹក​កខ្វក់​ចេញ​រាជធានី​ភ្នំពេញ​ ​ដែល​វា​នឹង​កាន់តែ​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ដល់​សោភ័ណភាព​ក្រុង​ ​ក៏ដូចជា​លើកកម្ពស់​សុខ​មាល​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ​លោក​បន្ត​ថា​ ​“​ការសាងសង់​នេះ​ត្រូវ​ចំណាយពេល​យូរ​ ​ព្រោះ​ក្រៅពី​ធ្វើការ​ប្រែ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​ ​ត្រូវ​ធ្វើការ​អភិវឌ្ឍ​នៅ​ទីតាំង​ដែល​ត្រូវ​សាងសង់​ស្ថានីយ៍​ទៀត​ ​ដើម្បី​ជួយ​សម្រួល​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​អ្នកជំនាញ​”​។​ ​

​កាលពី​ពេល​កន្លងទៅ​ ​អភិបាល​ ​នៃ​គណ​អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ ​នៃ​សាលាក្រុង​ប៉ារីស​ ​ដើម្បី​ធ្វើការ​កែប្រែ​តំបន់​បឹង​ជើងឯក​ ​ដែល​ជា​អាង​ផ្ទុក​ទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​ឱ្យ​ក្លាយទៅជា​តំបន់​បៃតង​ ​ដោយ​យក​គំរូ​តាម​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​ពាណិជ្ជកម្ម​នានា​ក្នុង​តំបន់​ផង​ដែរ​។​ ​ការកំណត់​យក​ភាគ​ខាងត្បូង​ ​ជាទី​តាំង​ជាទី​តាំង​សម្រាប់​អភិវឌ្ឍ​គម្រោង​នេះ​ ​ក៏​ព្រោះ​ទីនេះ​មាន​ទំ​ហ៊ុ​ធំ​ទូលាយ​ ​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការអភិវឌ្ឍន៍​លើ​វិ​ស័យ​ផ្សេង​ៗ​ ​ពិសេស​សំណង់​ពាណិជ​ជ្ជ​កម្ម​ ​ដែល​ជាដើម​ចម​នាំ​ឱ្យ​សាលាក្រុង​ប៉ារីស​ ​ដែល​ជាទី​ក្រុង​មានបទពិសោធន៍​នៃ​ការរៀបចំ​ទីក្រុង​ឱ្យ​មាន​ភាព​ស្រស់បំព្រង​ ​ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​បៃតង​ដែល​មាន​បរិស្ថាន​ល្អ​ ​និង​អាច​ជៀស​ផុត​ពី​គ្រោះ​ទឹកជំនន់​។​

​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​បង្ហាញ​ពី​ការ​សាទរ​ជា​ខ្លាំង​ ​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ​។​ ​អ្នកនាង​បាន​បញ្ជាក់​ថា​ ​ការរៀបចំ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ជា​តំបន់​បៃតង​ ​ជា​រឿង​ដែល​ល្អ​បំផុត​ ​ព្រោះ​នៅពេល​មានការ​អភិវឌ្ឍ​ ​សង្គម​មានការ​រីកចម្រើន​ ​ជាពិសេស​ផ្នែក​ហេ​ដ្ឋា​រចនាសម័្ពន្ធ​តែម្ដង​។​ ​បច្ចុប្បន្ន​នេះ​ចំពោះ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ​ ​យើង​ឃើញ​មាននៅ​តំបន់​បឹងកក់​ ​ដូច្នេះ​បើ​មាន​តំបន់​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​ដទៃទៀត​ដូចដែល​បាន​លើកឡើង​នៅក្នុង​គម្រោង​ខាងលើ​នេះ​គឺ​កាន់តែ​ប្រសើរ​។​

​អ្នកនាង​បន្ត​ថា​ ​“​ខ្ញុំ​យល់ថា​ ​គ្រប់ការ​អភិវឌ្ឍ​ទាំងអស់​ ​ត្រូវតែ​មាន​គម្រោង​លើ​ការគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​ ​ជៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​ ​ទាំង​ការ​កំ​ណ​ត់​ស្ដ​ង់​ដា​អគារ​ ​ទីតាំង​ចំណត​ ​ផ្លូវ​ធ្វើដំណើរ​ ​ក៏ដូចជា​ទីធ្លា​សាធារណៈ​ ​សម្រាប់​ថ្ងៃ​អនាគត​ ​ព្រោះ​យើង​ក៏​ធ្លាប់​មានបទពិសោធន៍​ដ៏​ឈឺចាប់​រួម​មក​ហើយ​ ​ហើយ​បច្ចុប្បន្ន​នេះ​ក៏​នៅតែ​បន្ត​ទទួលយក​ភាព​ស្មុគស្មាញ​ ​ដែល​បន្សល់​ពី​បទពិសោធន៍​ដែល​ឈឺចាប់​នោះ​ដដែល​ ​ជាក់ស្ដែង​ដូចជា​វិស័យ​ហេ​ដ្ឋា​រចនា​សម័ន្ធ​ ​ផ្លូវថ្នល់​តែម្ដង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here