ដោយ នៅ ស៊ីវុត្ថា
ទីក្រុងប៉េកាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំនិងចំណាស់ជាងគេនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់និងទទួលដែលធ្វើឡើង នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដោយមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំងជាច្រើនរូប។
-->
ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាការទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្សរ៍ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបនិងទទួលយកនូវគោរមងារ «សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកល វិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ក៏ដូចជាប្រទេសនិងប្រជាជនកម្ពុជា។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ « សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ » ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសាកលវិទ្យាល័យប៉េកាំង បាន អញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចនៃការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ ការស្វែងរកដំណោះស្រាយសន្តិភាព ការបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេច និងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេរ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ពិសេសការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក៕