ក្រុមហ៊ុន​ធំ​របស់​ជប៉ុន​ចំនួន៥​ គ្រោង​នឹង​ចូល​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

0

ដោយ​៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ រួម​ជាមួយនឹង​ការ​ផ្តល់​ឱកាស​វិជ្ជមាន​លើ​ការ​វិនិយោគ​ ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​ចំនួន​ ៥ នឹង​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ។

លោកស្រី​ KAWAAI​ NINAKO​ ប្រធាន​ក្រុមហ៊ុន​ Design​ Kolo​ របស់​ជប៉ុន​ និង​ជា​ប្រធាន​គណៈប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ កំពុង​មានសន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​កម្ពុជា​មាន​កំណើន​ សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជាមធ្យម​ក្នុងរង្វង់​ ៧ភាគរយ​ និង​នៅតែ​រក្សា​សន្ទុះ​កំណើន​នេះ​ជា​បន្ត​ទៀត​។

លោកស្រី​បាន​លើកឡើង​ថា​ ឈរ​លើ​មូលដ្ឋាន​នេះ​ បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយ​ ចំនួន​មាន​គម្រោង​ចូលរួម​ចែករំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​ ដែល​ធ្លាប់​បាន​ធ្វើរួច​ ហើយ​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ដើម្បី​រួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ប្រយោជន៍​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ មានការ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​ ជាពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​។

នៅក្នុង​គម្រោង​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​នៅ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ គឺ​មាន​ចំនួន៥​ ដែល​ក្នុង​នោះ​រួមមាន​ ៖ ក្រុមហ៊ុន​ Design​ Kolo​ ដែល​មាន​លោកស្រី​ជា​ប្រធាន​ក្រុមហ៊ុន​ និង​មាន​ជំនាញ​ខាង​ផ្នែក​ខាង​ដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំដុះ​នៅក្នុង​អគារ​ និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​។ ទី២​. ក្រុមហ៊ុន​ Shibeide​ មាន​ជំនាញ​ផ្នែក​វិជ្ជ​សាស្រ្ត​ កសិកម្ម​ដាំដុះ​។

ទី៣​. ក្រុមហ៊ុន​ JHJ​ Global​ Pty​ Co​. Ltd​ មាន​ជំនាញ​ខាង​នាំចូល​និង​នាំចេញ​សម្ភារ​សាងសង់​។ ទី៤​. ក្រុមហ៊ុន​ Chean​ Thai​ Co​. Ltd​ មាន​ជំនាញ​ផ្នែក​ផលិត​បន្ទះ​សូទ្បា​ និង​ ទី៥​. ក្រុមហ៊ុន​អចលនទ្រព្យ​ METAYA​ ។ ប៉ុន្តែ​ចំពោះ​ជំ​ហ៊ាន​ដំបូង​ដែល​ចូល​មក​មុនដំបូង​គេ​ គឺ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​ រួម​ជាមួយនឹង​ការ​វិនិយោគ​លើ​ការ​ដាំដុះ​បន្លែ​ផ្លែឈើ​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំដុះ​នៅក្នុង​អគារ​ និង​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ការ​ដាំដុះ​មក​កម្ពុជា​ ។

កិត្តិ​បរិរក្ស​បណ្ឌិត​ លោក​ គាត​ ឈន់​ ប្រធាន​កិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​ទៅលើ​គម្រោង​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​របស់​ជប៉ុន​នៅ​កម្ពុជា​ ដែល​តាមរយៈ​វត្តមាន​របស់​ក្រុមហ៊ុន​ទាំងនេះ​នឹង​ចូលរួម​រឹ​តបណ្តឹង​ចំណងមិត្តភាព​រវាង​កម្ពុជា​ ជប៉ុន​ កាន់តែ​ស្អិត​រមួត​ ក៏ដូចជា​ការ​បង្កើន​ឱកាស​ដល់​បណ្តា​អ្នក​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ជំរុញ​ឱ្យ​មាន​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​តែ​ច្រើន​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here